អនុក្រឹត្យលេខ ៤៨៨ អនក្រ.បក របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
យោងតាមអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បំពេញមុខងារជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ច និងលើកតម្កើងជីវភាពប្រជាជន ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារនិងសមធម៌សង្គម។
បេសកកម្មនេះ ត្រូវធ្វើឡើងតាមរយៈការរៀបចំនិងការអនុវត្តឱ្យបានត្រឹមត្រូវនូវ គោលនយោបាយ ក្របខណ្ឌច្បាប់និងបទបញ្ជាទាំងឡាយ ដែលទាក់ទងនឹងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ទ្រព្យសម្បត្តិរដ្ឋ កិច្ចការវិនិយោគ និងឧស្សាហកម្មហិរញ្ញវត្ថុ ព្រមទាំងច្បាប់និងបទបញ្ជាពាក់ព័ន្ធផ្សេងទៀត។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារនិងភារកិច្ចដូចតទៅ៖
- រៀបចំ អនុវត្ត និងតាមដានការអនុវត្ដគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល
- គ្រប់គ្រងនិងសម្របសម្រួលកិច្ចការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ពង្រឹតអភិបាលកិច្ចល្អ ទៅលើអ្វីដែលជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ
- វិភាគតាមដាន និងព្យាករណ៍ស្ថានភាពសេដ្ឋកិច្ចក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង និងដាក់ចេញនូវវិធានការ ដើម្បីតម្រង់ទិសនិងកែលម្អការគ្រប់គ្រងសេដ្ឋកិច្ច
- សហការជាមួយក្រសួងនិងស្ថាប័នពាក់ពន្ធ ដើម្បីដឹកនាំនិងចូលរួមក្នុងការរៀបចំអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល លើកិច្ចការសហប្រតិបត្តិការអន្ដរជាតិ ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកិច្ចការសមាហរណកម្មកម្ពុជា ទៅក្នុងសេដ្ឋកិច្ចពិភពលោក ពិសេសកិច្ចសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាក្នុងក្របខណ្ឌអាស៊ាន
- កសាងប្រព័ន្ធហិរញ្ញវត្ថុឱ្យឯកភាពទូទាំងប្រទេស ហើយធានាអនុវត្តប្រព័ន្ធនេះ ឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំនីមួយៗ ព្រមទាំងច្បាប់ពាក់ព័ន្ធនិងបទបញ្ជាដទៃទៀត
- ធ្វើការបែងចែក និងបែងចែកឡើងវិញ នូវផលទុនជាតិ តាមរយៈការប្រមូលចំណូល និងកម្មវិធីនីយកម្ម និងថវិកានីយកម្មនៃចំណាយសាធារណៈ
- រៀបចំនិងកសាងសេចក្ដីព្រាងច្បាប់និងបទបញ្ជាផ្សេងៗ សម្រាប់ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាលក្ខណៈ ប្រចាំឆ្នាំនីមួយៗ ឬជាលក្ខណៈអចិន្ត្រៃយ៍
- រៀបចំនិងគ្រប់គ្រងថវិការដ្ឋ
- រៀបចំនិងអនុវត្តគោលនយោបាយចំណូលថវិកាជាតិ
- ប្រមូលចំណូលសារពើពន្ធនិងមិនមែនសារពើពន្ធ បង់ចូលបេឡាថវិការដ្ឋ ធ្វើតារាងតុល្យភាព និងវិភាគគណនីនៃប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋ
- គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ចូលរួមកសាងនិងអនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តកៀរគរហិរញ្ញប្បទានពីក្រៅប្រទេស និងទទួលបន្ទុកគ្រប់គ្រងបំណុលសាធារណៈ
- ចូលរួមរៀបចំគោលនយោបាយ និងគ្រប់គ្រងកិច្ចការវិនិយោគ
- ពិនិត្យនិងចុះទិដ្ឋាការលើចំណាយរបស់ក្រសួងនិងស្ថាប័នរដ្ឋនានា
- គ្រប់គ្រងនិងត្រួតពិនិត្យកិច្ចការលទ្ធកម្មសាធារណៈនៃបណ្ដាក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សហគ្រាសសាធារណៈ គ្រឺះស្ថានសាធារណៈរដ្ឋបាល អង្គភាពរដ្ឋដទៃទៀត និងដៃគូឯកជនសាធារណៈ
- ទទួលបន្ទុកដឹកនាំ រៀបចំ ជំរុញអនុវត្ត និងតាមដានការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាល
- វិភាគ គ្រប់គ្រង និងតាមដានការវិវត្តនៃវិស័យហិរញ្ញវត្ថុ ព្រមទាំងចូលរួមរៀបចំនិងអនុវត្តក្របខណ្ឌគ្រប់គ្រងហានិភ័យនៃវិស័យ ហិរញ្ញវត្ថុ ដើម្បីធានាស្ថិរភាពហិរញ្ញវត្ថុ
- អភិវឌ្ឍ គ្រប់គ្រង និងត្រួតពិនិត្យកិច្ចការឧស្សាហកម្មហិរញ្ញវត្ថុ រួមមាន កិច្ចការធានារ៉ាប់រងនិងសោធន ទីផ្សារនិងស្ថាប័នហិរញ្ញវត្ថុ
- ចូលរួមរៀបចំនិងអនុវត្តគោលនយោបាយនិងក្របខណ្ឌនៃការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម
- គ្រប់គ្រងនិងត្រួតពិនិត្យអាជីវកម្មភ្នាល់គ្រប់ប្រភេទ
- ធ្វើអធិការកិច្ចលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមក្រសួង ស្ថាប័ន ឬអង្គភាពសាធារណៈប្រហាក់ប្រហែលសហគ្រាសសាធាណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិដែលបានអនុវត្តប្រតិបត្តិការថវិការដ្ឋ
- បំពេញមុខងារជាបេឡាករនិងគណនេយ្យករសាធារណៈរបស់រាជរដ្ឋាភិបាល ព្រមទាំងរៀបចំគោលការណ៍ និងបទបញ្ជាគណនេយ្យករសាធារណៈ
- បំពេញមុខងារសវនកម្មផ្ទៃក្នុង
- បណ្ដុះបណ្ដាលនិងធ្វើវិក្រឹតការជាប្រចាំនូវមុខជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដល់មន្ត្រីក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធ
- អនុវត្ដការងារគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ទាញយកឯកសារ