អង្គការលេខរបស់អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គលេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្មដូចតទៅ៖
- ផ្តល់សេវាគាំទ្រសម្រាប់ប្រក្រតីភាព នៃដំណើរការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- សម្របសម្រួលសកម្មភាពការងារ រវាងថ្នាក់កណ្តាលនិងអង្គភាពមូលដ្ឋាន ក្រោមឱវាទក្រសួង ពិសេសមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
- ធ្វើជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើផ្នែករដ្ឋបាល ហិរញ្ញវត្ថុ បុគ្គលិក ការបណ្តុះបណ្តាលនិងវិក្រឹតការ នីតិកម្ម និងព័ត៌មានវិទ្យា។
អគ្គលេខាធិការដ្ឋាន មានភារកិច្ចដូចតទៅ៖
- សម្របសម្រួល សកម្មភាពគ្រប់ថ្នាក់ គ្រប់ផ្នែករបស់ក្រសួង នៅថ្នាក់កណ្តាល និងរវាងថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន ក្រោមឱវាទក្រសួង
- លើកគម្រោងថវិកាក្រសួង ប្រមូលផ្តុំនិងសម្របសម្រួលជំពូកថវិកា បម្រើឱ្យរាល់ចំណាយរបស់ក្រសួង
- គ្រប់គ្រងបុគ្គលិក មន្រ្តីរាជការរបស់ក្រសួង ដោយទំនាក់ទំនងជាមួយអង្គភាពពាក់ព័ន្ធនៃក្រសួង ស្ថាប័ន
- រៀបចំតួនាទីនិងតំណែងឯកទេសរបស់ស្ថាប័ន និងធនធានមនុស្ស
- វាយតម្លៃតម្រូវការបណ្តុះបណ្តាលបុគ្គលិក មន្រ្តីរាជការរបស់ក្រសួង
- សិក្សា និងវាយតម្លៃតម្រូវការសម្រាប់កសាងឡើងវិញនូវសមត្ថភាពធនធានមនុស្សនិង បង្កើនគុណភាពវិជ្ជាជីវៈផ្នែកសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំពោះមន្រ្តីក្រោមឱវាទក្រសួង និងមន្រ្តីក្រសួង ស្ថាប័នពាក់ព័ន្ធ
- អនុវត្តការបណ្តុះបណ្តាល និងធ្វើវិក្រឹតការជាប្រចាំ ដល់មន្រ្តីរាជការរបស់ក្រសួង និងមន្រ្តីរាជការក្រសួង ស្ថាប័នពាក់ព័ន្ធ តាមផ្នែកជាមូលដ្ឋានគ្រឹះនិងជំនាញឯកទេសនានា នៅក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ចូលរួមរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាសមត្ថកិច្ចរបស់ក្រសួង
- ណែនាំនិងតាមដានការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាសមត្ថកិច្ចរបស់ក្រសួង
- ស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយកម្រងលិខិតបទដ្ឋានគតិយុត្តជាសមត្ថកិច្ចរបស់ក្រសួង
- រៀបចំ បង្កើត និងពង្រឹងយុទ្ធសាស្រ្តនិងគោលនយោបាយបច្ចេកវិទ្យាព័ត៌មានវិទ្យានិង ទូរគមនាគមន៍ ដើម្បីទ្រទ្រង់ដល់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែមានប្រសិទ្ធភាពនិងតម្លាភាព
- អនុវត្តនិងគ្រប់គ្រងគម្រោង “ការគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យាក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ” នៅគ្រប់ដំណាក់-កាល ដើម្បីធានាឱ្យបាននូវគោលដៅ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង និងរាជរដ្ឋាភិបាល
- ចូលរួមរៀបចំនិងអនុវត្តផែនការស្តីពីការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចសង្គម ដោយសារគម្រោងអភិវឌ្ឍន៍
- ចូលរួម រៀបចំនិងអនុវត្តគម្រោងថវិកាសម្រាប់អនុវត្តផែនការស្តីពី ការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចសង្គម ដោយសារគម្រោងអភិវឌ្ឍន៍។