កិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបុគ្គលិកមន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គលេខាធិការ, អគ្គនាយក, អគ្គាធិការ, នាយកវិទ្យាស្ថាន, អគ្គនាយករង និង ប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង ដែលជាសមាជិកអនុគណៈកម្មការចំពោះកិច្ច ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពិនិត្យតាមដានវឌ្ឍនភាព នៃដំណើការរៀបចំចាត់ចែងការងារចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ពិនិត្យពិភាក្សាលើការរៀបចំលំហួរ និង យន្តការបច្ចេកទេស និង រដ្ឋបាលចាំបាច់នានាពាក់ព័ន្ធនឹងដំណើរការចាក់វ៉ាក់សាំង ដោយរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និង អនុវត្តតាមវិធានការសុវត្ថិភាពផ្អែកតាមគោលការណ៍ក្រសួងសុខាភិបាល ។ ជាមួយគ្នានេះដែរ អង្គប្រជុំបានពិនិត្យដោះស្រាយបញ្ហាប្រឈមនានា ដែលក្រុមការងារបានជួបប្រទះក្នុងដំណើរការអនុវត្តការងារនេះ សំដៅធានាកិច្ចដំណើរការចាក់វ៉ាក់សាំងនេះឱ្យប្រព្រឹត្តទៅដោយរលូន ទាន់ពេលវេលា និង មានប្រសិទ្ធភាព ៕