ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និង ការរៀបចំត្រួតពិនិត្យវាយតម្លៃលើថវិកាកម្មវិធី
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និង ឯកឧត្តម ទូច ស៊ុនណារី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និង ការរៀបចំត្រួតពិនិត្យវាយតម្លៃលើថវិកាកម្មវិធី
…………………………………………….
នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០, នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា និង ការរៀបចំត្រួតពិនិត្យវាយតម្លៃលើថវិកាកម្មវិធី” ជូនសិក្ខាកាមដែលជាមន្ត្រីរាជការនៃអង្គភាពប្រឆាំងអំពើពុករលួយ, ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តម ទូច ស៊ុនណារី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំអង្គភាព ប្រឆាំងអំពើពុករលួយ, គ្រូឧទ្ទេស និង សិក្ខាកាម សរុបប្រមាណ ១០០ នាក់ ។ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប និង ឯកឧត្តម ទូច ស៊ុនណារី បានបញ្ជាក់រួមគ្នាអំពីគោលបំណងសំខាន់នៃការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីពង្រឹងសមត្ថភាពនិងប្រសិទ្ធភាពក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និង ការត្រួតពិនិត្យវាយតម្លៃលើថវិកាកម្មវិធី ដើម្បីឆ្លើយតបទៅនឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ពីថវិកាផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្ម និង វិមជ្ឈការ ។ ក្នុងន័យនេះ ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ជាយន្តការមួយនៃដំណើរការរៀបចំថវិកាប្រចាំឆ្នាំ ដែលក្រសួងស្ថាប័ន ត្រូវគ្រោងផែនការថវិកាសម្រាប់អនុវត្តកម្មវិធី ឬ យុទ្ធសាស្រ្តអាទិភាពដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយរបស់ខ្លួន ដែលចាំបាច់ទាមទារឱ្យមានការកសាង និងអភិវឌ្ឍសមត្ថភាពជំនាញ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃគ្រប់ក្រសួងស្ថាប័ន ក្នុងគោលដៅរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។