វិបស្សនាប្រចាំឆ្នាំពីការត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០១៦ របស់ អ.គ.ហ
នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃនាយកដ្ឋានរដ្ឋនិងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន បានដឹកនាំសម្របសម្រួលកិច្ចប្រជុំជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ទាំង២៥ ក្នុងគោលបំណងពិនិត្យពិភាក្សាលើការរៀបចំផែនការសកម្មភាពអនុវត្តបន្តរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងត្រៀមខ្លួនជាស្រេចសម្រាប់ការងារដែលត្រូវបំពេញនៅជំហានបន្ទាប់។ ទន្ទឹមនេះ បន្ទាប់ពីស្តាប់មតិសំណេះសំណាលតម្រង់ទិស និងការផ្តល់អនុសាសន៍ណែនាំលើទិដ្ឋភាពរួមមួយចំនួនបន្ថែមទៀត ពីសំណាក់ឯកឧត្តមអគ្គលេខាធិការ និងឯកឧត្តមអគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋាន, កិច្ចប្រជុំបានបន្តដំណើរការប្រព្រឹត្តទៅដោយរលូន តាមរយៈការរៀបចំបទបង្ហាញរបស់ការិយាល័យផែនការថវិកានៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ដោយផ្តោតទៅលើរបៀបវារៈសំខាន់ៗ ចំនួន០៤ ដូចខាងក្រោម៖
១. គោលការណ៍នៃការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ ឆ្នាំ២០១៧ សម្រាប់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី ខេត្ត
២. មុខងារ និងភារកិច្ចស្នូល និងសំណើសូចនាករសមិទ្ធកម្មគន្លឹះថ្មី សម្រាប់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត
៣.ផែនការសកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងការពិនិត្យលទ្ធភាពក្នុងការបញ្ចូលសកម្មភាពពាក់ព័ន្ធ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ព្រមទាំង
៤.សកម្មភាពការងារពាក់ព័ន្ធការអនុវត្តថវិកាមួយចំនួនទៀត រួមមាន៖ របាយការណ៍បឋមនៃការអនុវត្តថវិកាឆ្នាំ២០១៦ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត និងការគិតគូរចំណាយបន្ទូកបុគ្គលិកប្រចាំខែ សម្រាប់ការបោះផ្សាយអាណត្តិ, ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងកញ្ចប់ថវិកា ព្រមទាំងរបាយការណ៍អនុវត្តថវិកាប្រចាំឆ្នាំ។