សេចក្តីប្រកាសព័ត៌មាន កិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៦)
នៅថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៦, នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាលើចំណុចសំខាន់ៗទាក់ទងទៅនឹងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) នៅកម្ពុជា ដោយដកស្រង់នូវបទ-ពិសោធន៍ពីអន្ដរជាតិ ក្នុងកិច្ចខិតខំប្រឹងប្រែកែទម្រង់ប្រព័ន្ធថវិកាពី “ថវិកាផ្អែកលើធាតុចូល” ឬ/និង “បែប មជ្ឈការ” ទៅកាន់ “ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម” ឬ/និង “បែបវិមជ្ឈការ” ។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក Ivor Beazley ទីប្រឹក្សានៃធនាគារពិភពលោក, លោក Thomas Koshy ទីប្រឹក្សានៃអគ្គនាយកដ្ឋានថវិកា និង លោកស្រី Inguna Dobraja នាយកប្រតិបត្តិនៃធនាគារពិភពលោកប្រចាំកម្ពុជា ។
លោក Ivor Beazley ទីប្រឹក្សានៃធនាគារពិភពលោក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដោយបានបញ្ជាក់ថា ការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា សម្រេចបានជោគជ័យលើចំណុចសំខាន់ជាច្រើន រួមមានការលើកកម្ពស់ភាពព្យាករណ៍បាននៃថវិកា, ការផ្ដោតការយកចិត្តទុកខ្ពស់លើការរៀបចំថវិកាកម្មវិធី ជាពិសេស ការពង្រឹងរចនាសម្ព័ន្ធកម្មវិធីឱ្យបានល្អ, ការអនុវត្តកម្មវិធីជាជំហានជាក់ស្ដែងនិយម, និងការផ្ដល់ការគាំទ្រពេញលេញទាំងការបណ្ដុះបណ្ដាល និងគោលការណ៍ណែនាំក្នុងការរៀបចំ ។ ជាលទ្ធផល, លោកសង្កេតឃើញថា ក្រសួង ស្ថាប័នពាក់ព័ន្ធ បានយកចិត្តទុកដាក់កែលម្អការគ្រប់គ្រងហិរញ្ញវត្ថុនៅតាមស្ថាប័នរបស់ខ្លួន និងបានបង្កើតភាពជាម្ចាស់ចំពោះកម្មវិធី និងអនុកម្មវិធីកាន់តែសកម្ម ។ ទោះបីយ៉ាងថា លោក Ivor Beazley បានបញ្ជាក់ថាការផ្លាស់ប្ដូរប្រព័ន្ធទៅកាន់ “ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម” រាជរដ្ឋាភិបាលកម្ពុជាគួរយកចិត្តទុកបង្កើតលក្ខខណ្ឌចាំបាច់គន្លឹះមួយចំនួន រួមមាន ការតម្រង់ទិសកំណែទម្រង់មុខងារសាធារណៈ ទៅរកការគ្រប់គ្រងធនធានមនុស្សដោយផ្អែកលើសមិទ្ធ-កម្ម និងគណនេយ្យភាព, ការបង្កើតនូវប្រព័ន្ធវាស់វែង និងវាយតម្លៃសមិទ្ធកម្ម, ការពង្រឹងការរៀបចំកម្មវិធី, ការវិភាជថវិកា និងការអនុវត្តកម្មវិធី, និងការលើកកម្ពស់តម្លាភាពថវិកា ។
កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ បានអនុវត្តចាប់តាំងពីឆ្នាំ ២០០៥ ហើយមកដល់ពេលនេះស្ថិតនៅក្នុងដំណាក់កាលទី ៣ គឺការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ដោយមាន “ថវិកាកម្មវិធី” គឺជាឧបករណ៍ ដើម្បីចងថវិកា ដើម្បីបម្រើឱ្យគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ដំណាក់កាលទី ៤ គ្រោងនឹងអនុវត្តក្នុងឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ គឺផ្ដោតលើគណនេយ្យភាពសមិទ្ធកម្ម ។ ស្នូលនៃដំណាក់-កាលទី ៣ និងទី ៤ គឺការកែទម្រង់ប្រព័ន្ធថវិកាជាតិទាំងមូលឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្ដសិទ្ធភាព គណនេយ្យភាព និងតម្លាភាព។
បន្ទាប់ពីការពិភាក្សាអំពីបទពិសោធន៍ វឌ្ឍនភាព និងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្ដែង កិច្ចប្រជុំបានសម្រេចឱ្យមានការកែសម្រួលសៀវភៅ “ទស្សនាទានស្តីពីទិសដៅយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាកម្ពុជា ២០១៣-២០២០” ទៅជា “ផែនការយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាកម្ពុជាឆ្នាំ២០១៧-២០២៥” ដោយត្រូវមានការផ្សារភ្ជាប់ឱ្យបានជិតស្និតបំផុតជាមួយនឹងកម្មវិធីធីកែទម្រង់មុខងារសាធារណៈ និងកម្មវិធីកែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ៕