សិក្ខាសាលាស្ដីពី “បច្ចេកទេសនៃការរៀបចំថវិកា សម្រាប់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាក្រុមការងារថវិកាកម្រិតបច្ចេកទេស បានរៀបចំសិក្ខាសាលាស្ដីពី “បច្ចេកទេសនៃការរៀបចំថវិកា សម្រាប់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីគ្រប់អង្គភាពថវិកាទាំងអស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាលនិងថ្នាក់មូលដ្ឋាន ។ សិក្ខាសាលានេះត្រូវបានប្រព្រឹត្តទៅក្រោមរបៀបវារៈសំខាន់ៗចំនួនពីរគឺទី១). ការផ្សព្វផ្សាយសារាចរស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០១៨-២០២០ និងទី២). ការបង្ហាញបច្ចេកទេសនៃការរៀបចំថវិកាដោយផ្ដោតសំខាន់លើទិដ្ឋភាពទូទៅនៃការរៀបចំថវិកានិងការត្រៀមអនុវត្តថវិកា, ការគណនាតម្រូវការចំណាយ, ការគ្រោងចំណាយបន្ទុកបុគ្គលិក,ការរៀបចំបែងចែកមុខសញ្ញាចំណាយ និងការរៀបចំកម្មវិធីចំណូល-ចំណាយប្រចាំត្រីមាស។ ការរៀបចំសិក្ខាសាលានេះ មានគោលបំណងចម្បងធំៗពីរ គឺ៖ ១,ដើម្បីពង្រឹង និងបង្កើនសមត្ថភាពដល់គ្រប់អង្គភាពថវិកាទាំងអស់របស់ក្រសួងក្នុងការរៀបចំការអនុវត្ត ការតាមដានត្រួតពិនិត្យ និងការវាយតម្លៃការអនុវត្តថវិកាផ្ទៃក្នុងក្រសួងឱ្យកាន់តែមានប្រសិទ្ធភាព និងសុក្រឹតភាពបន្ថែមទៀត និង ២, ដើម្បីបង្កើនកិច្ចសហការ និងទំនាក់ទំនងរវាងអង្គភាពថវិកា និងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីជំរុញឱ្យការងារអនុវត្តថវិកាកម្មវិធីអាចប្រព្រឹត្តទៅបានកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលានេះឡើង ហើយមានប្រសាសន៍ថា អង្គសិក្ខាសាលានេះ នឹងផ្ដល់ធាតុចូលបន្ថែមដ៏មានសារៈប្រយោជន៍ដល់សិក្ខាកាម ក្នុងការពង្រឹងនិងបង្កើនសមត្ថភាពការអនុវត្តថវិកាកម្មវិធីផ្ទៃក្នុងក្រសួងឱ្យសម្រេចបានតាមគោលបំណង គោលនយោបាយ និងកម្មវិធីដែលក្រសួងបានដាក់ចេញ។