សិក្ខាសាលាផ្សព្វផ្សាយ “ ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ” ជូនដល់គ្រប់អង្គភាពក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
នាថ្ងៃទី៩ ខែ កក្កដា ឆ្នាំ ២០១៨ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ “ ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ” ជូនដល់គ្រប់អង្គភាពក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងស្ថាប័ន, គ្រឹះស្ថានសាធារណៈរដ្ឋបាល, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរាជធានី-ខេត្ត និងដៃគូអភិវឌ្ឍពាក់ព័ន្ធ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០០ នាក់ ។ ពិធីបើកអង្គសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងស្ថាប័នពាក់ព័ន្ធ និងតំណាងដៃគូអភិវឌ្ឍ, ក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារ និងស្មារតីនៃផែនការយុទ្ធសាស្រ្តស្ដីពីការកសាង និងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តស្តីពីការកសាងនិងអភិវឌ្ឍសមត្ថភាព នៅថ្ងៃនេះ គឺជាជោគជ័យមួយទៀត របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:។ ជាពិសេសជាផែនការសម្រាប់តម្រង់ទិសការអនុវត្តការងារបណ្តុះបណ្តាល និងវិក្រឹតការ ឱ្យមានលក្ខណៈប្រមូលផ្តុំ, ជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ដើម្បីធានាគុណភាព និងប្រសិទ្ធភាព ក្នុងការអភិវឌ្ឍសមត្ថភាព ឆ្លើយតបទៅនឹងតម្រូវការសម្រាប់រួមចំណែកអនុវត្តការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ នេះ ។