សិក្ខាសាលាផ្សព្វផ្សាយសារាចរណែនាំលេខ ០១៦ សហវ. ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧
នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកា កម្រិតថ្នាក់ដឹកនាំអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលរួមជាអធិបតីក្នុងអង្គសិក្ខាសាលា ស្តីពីការពិនិត្យរបាយការណ៍ហិរញ្ញវត្ថុបឋមនៃការអនុវត្តថវិកាឆ្នាំ២០១៦ និងការផ្សព្វផ្សាយសារាចរណែនាំលេខ ០១៦ សហវ. ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ជូនដល់គ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ ត្រូវបានសម្របសម្រួលរៀបចំដោយអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងទទួលបានការផ្ដល់កិច្ចសហការរៀបចំបទបង្ហាញដោយអគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងអគ្គនាយកដ្ឋានរតនាគារជាតិ ដែលមានគោលបំណងចូលរួមគាំទ្រ ពង្រឹង និងបង្កើនសមត្ថភាពដល់គ្រប់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាព សង្គតិភាព ភាពឆ្លើយតប នៃការអនុវត្តមុខងារភារកិច្ច និងផែនការសកម្មភាពប្រចាំឆ្នាំ។ អង្គសិក្ខាសាលារយៈពេល១ថ្ងៃពេញនេះ មានមូលដ្ឋាននៃកិច្ចពិភាក្សាផ្តោតសំខាន់ទៅការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧, ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ និងការរៀបចំ ការអនុវត្ត និងការទូទាត់រជ្ជទេយ្យបុរេប្រទាន ថែមទាំងផ្តល់លទ្ធភាពដល់អង្គភាពថវិកា ក្នុងការពិនិត្យ និងផ្ទៀងផ្ទាត់នូវទិន្នន័យនៃរបាយការណ៍បឋម ដើម្បីត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាប្រចាំឆ្នាំ២០១៦ នៅអំឡុងខែមីនា ឆ្នាំ២០១៧ ខាងមុខនេះ។