សិក្ខាសាលាចែករំលែកបទពិសោធន៍ស្ដីពីការអនុវត្តថវិកាកម្មវិធី
នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាប្រធានអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង បានអញ្ជើញចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាចែករំលែកបទពិសោធន៍ស្ដីពីការអនុវត្តថវិកាកម្មវិធី ដែលត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារថវិកានៃគ្រប់ក្រសួង-ស្ថាប័ន ដែលអនុវត្តថវិកាកម្មវិធីទាំងអស់។ សិក្ខាសាលានេះមានគោលបំណងចម្បងចែករំលែកបទពិសោធន៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការអនុវត្តថវិកាកម្មវិធីចាប់តាំងពីឆ្នាំ២០១៥ មក ដោយផ្តោតសំខាន់លើ៖ យន្តការស្ថាប័ន និងកត្តាគន្លឹះក្នុងការជំរុញប្រសិទ្ធភាព ឬដំណើរការក្នុងដំណាក់កាលទាំង ៣ នៃវដ្ដថវិកា។ អគ្គលេខាធិការដ្ឋានក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុរបស់ក្រសួង ក៏បានចាត់តំណាងដើម្បីធ្វើបទបង្ហាញអំពីបទពិសោធន៍នៃការអនុវត្តថវិកាកម្មវិធីនៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជូនអង្គសិក្ខាសាលាផងដែរ។