សន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ”
នាព្រឹកថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ត្រី, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ” និងដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានមួយចំនួនទៀត ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សន្និសីទសារព័ត៌មាននេះ ត្រូវបានរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងគោលបំណងបង្ហាញជូនសាធារណជនឱ្យបានយល់កាន់តែច្បាស់ពីវឌ្ឍនភាព និងសមិទ្ធផលការងារឆ្នាំ ២០១៩ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាផ្ដល់ឱកាសដល់អ្នកសារព័ត៌មាន ធ្វើការសាកសួរព័ត៌មាននានាពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។