វេទិកាសាធារណៈ ស្តីពីការលើកកម្ពស់សេវាសាធារណៈ នៅឃុំព្រែកតាមាក់
នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្នាក់ការភូមិបឹងក្រចាប់ជើង នៃឃុំព្រែកតាមាក់, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះឃុំព្រែកតាមាក់ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម បានដឹកនាំសម្របសម្រួលរៀបចំ “វេទិកាសាធារណៈ ស្តីពីការលើកកម្ពស់សេវាសាធារណៈ នៅឃុំព្រែកតាមាក់” ជាមួយប្រជាពលរដ្ឋក្នុងភូមិចំនួន០៣ រួមមាន ភូមិបឹងក្រចាប់ជើង, ភូមិបឹងក្រចាប់ត្បូង និងភូមិអន្លង់។ វេទិកាដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជាផ្លែផ្កា បន្ទាប់ពីមានការផ្តល់កិច្ចសហការយ៉ាងពេញទំហឹងពីសំណាក់ លោកអភិបាលស្រុកខ្សាច់កណ្តាល, ប្រធានការិយាល័យជុំវិញស្រុកខ្សាច់កណ្តាល, ក្រុមការងារភូមិ-ឃុំ និងអាជ្ញាធរដែនដីមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់។ តាមរយៈវេទិកាសាធារណៈនេះ បានចូលរួមចំណែកដោះស្រាយកង្វល់របស់បងប្អូនប្រជាពលរដ្ឋ មួយចំនួនធំ ជាពិសេស គឺការផ្តល់សេវាសាធារណៈលើវិស័យអប់រំ។ ដោយឡែក ប្រជាពលរដ្ឋ ហាក់បីដូចជាមិនមានកង្វល់ និងសំណូមពរច្រើន ទៅលើការផ្តល់សេវាសាធារណៈផ្សេងៗទៀត ពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃនោះទេ (អត្រានុកូលដ្ឋានជាដើម) ដោយសារ រាជរដ្ឋាភិបាល បានលើកលែងមិនតម្រូវឱ្យបង់កម្រៃលើការផ្តល់សេវាទាំងនេះទៀតឡើយ ដែលនេះ សបញ្ជាក់ឱ្យឃើញពីការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក៏ដូចជាគាំទ្រដល់គោលនយោបាយកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ផងដែរ។ ក្រៅពីដោះស្រាយបញ្ហាប្រឈម និងជួយសម្រួលដល់ការផ្តល់សេវាសាធារណៈ ឱ្យកាន់តែមានភាពល្អប្រសើរ, ក្រុមការងារ និងអាជ្ញាធរដែនដី ក៏បានធ្វើការបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានយល់ជ្រួតជ្រាប អំពីគម្រោងអភិវឌ្ឍន៍ភូមិ-ឃុំ លើគោលដៅអាទិភាពនានា និងបន្តស្ថាបនាជាបណ្តើរៗ ដោយផ្អែកតាមផលនៃកំណើនសេដ្ឋកិច្ច ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋទូទៅ ក្នុងគោលដៅបម្រើប្រយោជន៍សាធារណៈ ព្រមទាំងចូលរួមអភិវឌ្ឍឃុំព្រែកតាមាក់ ឱ្យរីកចំរើនបន្តទៀត។