វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់
នាព្រឹកថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២០ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល, អគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ សហការជាមួយគណៈអភិបាល និងក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល និងក្រុមប្រឹក្សាឃុំព្រែកតាមាក់ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីភូមិទាំង ១០ ក្នុងឃុំព្រែកតាមាក់។ ក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ តែងតែបានសម្របសម្រួលរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់បែបនេះជាបន្តបន្ទាប់ ក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពការដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋបានលើកឡើងក្នុងវេទិកាកន្លងទៅ និងផ្ដល់ឱកាសជាថ្មីឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានបានលើកឡើងនូវសំណើ សំណូមពរ និងបញ្ហាប្រឈមនានាដែលពួកគាត់ជួបប្រទះថ្មីៗបន្ថែម ដើម្បីបូកសរុប និងសម្របសម្រួលដោះស្រាយជូនពួកគាត់ទៅតាមដំណាក់កាល និងអាទិភាពនៃសំណើ។ សូមបញ្ជាក់ផងដែរថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់លើកនេះ ត្រូវបានរៀបចំឡើងស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធនឹងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ ១៩ ដោយរក្សាគម្លាតសង្គម និងតម្រូវឱ្យអ្នកចូលរួមទាំងអស់ពាក់ម៉ាសការពារផងដែរ។