វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋឃុំព្រែកតាមាក់
នាព្រឹកថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅស្នាក់ការកាកបាទក្រហមកម្ពុជាឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល, អគ្គលេខាធិការដ្ឋាន ក្នុងនាមជាក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ សហការជាមួយគណៈអភិបាលស្រុកខ្សាច់កណ្ដាល និងក្រុមប្រឹក្សាឃុំព្រែកតាមាក់ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋឃុំព្រែកតាមាក់ ប្រមាណ ៥៥០ នាក់ និងដោយមានការចូលរួមពីសំណាក់មន្ត្រីនៃគ្រប់ការិយាល័យជំនាញនៃក្រុមប្រឹក្សាស្រុកខ្សាច់កណ្ដាល ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាំងអស់អំពីសមិទ្ធផលនានាដែលក្រុមការងារថ្នាក់ជាតិចុះជួយឃុំ និងអាជ្ញាធរមូលដ្ឋាន សម្រេចបានលើការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ក៏ដូចជាដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋបញ្ចេញមតិយោបល់ និងស្ដាប់បញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់ប្រជាជន ដើម្បីពិនិត្យលទ្ធភាពដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា ចំគោលដៅ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ វេទិកានេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការគោរពប្រតិបត្តិគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការលើកកម្ពស់សេរីភាពបញ្ចេញមតិរបស់ប្រជាជន ដែលជាតួអង្គយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឱ្យមានវឌ្ឍនភាពជឿនលឿនទៅមុខជានិច្ច។