វិបស្សនាផ្ទៃក្នុង ស្តីពីការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ (Key Performance Indicator-KPI៖ សំដៅដល់រង្វាស់/ខ្នាតសម្រាប់ត្រួតពិនិត្យវឌ្ឍនភាពនៃ ការអនុវត្តមុខងារ/សមិទ្ធកម្ម ធៀបនឹងគោលដៅកំណត់) ឆ្នាំ២០១៧
ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ នៅខេត្តសៀមរាប, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ព្រមទាំងមន្ត្រីជំនាញនៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បានរៀបចំវិបស្សនាផ្ទៃក្នុង ស្តីពីការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ (Key Performance Indicator-KPI៖ សំដៅដល់រង្វាស់/ខ្នាតសម្រាប់ត្រួតពិនិត្យវឌ្ឍនភាពនៃ ការអនុវត្តមុខងារ/សមិទ្ធកម្ម ធៀបនឹងគោលដៅកំណត់) ឆ្នាំ២០១៧ សម្រាប់អនុកម្មវិធី ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វិបស្សនា ដែលប្រព្រឹត្តទៅនៅថ្ងៃទី០១ និងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នេះ មានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការពិនិត្យមុខងារ និងភារកិច្ច ក៏ដូចជាតាមដានការអនុវត្តការងារ ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងថវិការបស់អង្គភាពថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ទន្ទឹមនេះ មន្ត្រីជំនាញនឹងអាចយល់ដឹងកាន់តែច្បាស់អំពីមុខងារភារកិច្ច និងអាចកំណត់បាននូវការងារស្នូលរបស់អង្គភាពថវិកានីមួយៗ ដែលខ្លួនទទួលបន្ទុកសម្របសម្រួល ព្រមទាំងជាការសាកល្បងសិក្សាលម្អិតក្នុងការកំណត់ KPI ទៅតាមគោលការណ៍ និងរចនាសម្ព័ន្ធជាក់លាក់ ដើម្បីសម្រេចគោលដៅនៃ KPI ឆ្នាំ២០១៧ ប្រកបដោយគុណភាព, អាចទទួលយកបាន, ស្របតាមចក្ខុវិស័យ និងបេសកកម្ម, ផ្តោតលើមុខងារស្នូល,ជាក់លាក់, អាចវាស់វែងបាន, អាចសម្រេចបាន,សាមញ្ញងាយយល់,កំណត់ជាក់លាក់នូវអ្នកទទួលខុសត្រូវ និងអនុវត្តការងារប្រកបដោយប្រសិទ្ធភាព សម្រាប់អនុកម្មវិធីនីមួយៗ ដែលអាចជាបន្ទាត់សម្រាប់ចរចាជាមួយអង្គភាពថវិកា។