វិបស្សនាជាមួយតំណាងក្រុមការងារថវិកា នៃគ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ខេត្តកំពង់ចាម, ថ្ងៃទី ០២-០៣ ខែ ឧសភា ឆ្នាំ ២០១៧
ដោយគោរពប្រតិបត្តិតាមការណែនាំ និងផ្តល់ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងនាមជាក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំសម្របសម្រួលរៀបចំវិបស្សនា ជាមួយតំណាងក្រុមការងារថវិកា នៃគ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ អង្គវិបស្សនារយៈពេលពីរថ្ងៃនេះ មានគោលបំណងសំខាន់ផ្តោតទៅលើការសម្រឹតសម្រាំង សម្រួច កែលម្អនិងត្រៀមលក្ខណៈឱ្យបានរួចជាស្រេច ក្នុងការរៀបចំផែនការសកម្មភាព, ការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ និងការគណនាតម្រូវការធនធានសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ ២០១៨-២០២០ និងកញ្ចប់ថវិកាឆ្នាំ ២០១៨ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យប្រព្រឹត្តទៅដោយរលូន សង្គតិភាព គុណភាព ដើម្បីគាំទ្រដល់ការអនុវត្តគោលបំណងគោលនយោបាយ និងកម្មវិធីរបស់ក្រសួង ឱ្យទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាព ដូចការគ្រោងទុក។