Comment are off
វិបស្សនាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ, ឯកឧត្តមអគ្គលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងសហការី នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថ បានអញ្ជើញចូលរួមវិបស្សនាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង, ថ្នាក់ដឹកនាំជាប្រធានអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធនៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
វិបស្សនានេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើប្រធានបទពាក់ព័ន្ធនឹងការវាយតម្លៃលើការអនុវត្តការគ្រប់គ្រងចំណាយថវិកាជាតិ និងសំណើវិធានការកែលម្អ ដើម្បីធានាប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព តម្លាភាព គណនេយ្យភាព និងចីរភាពថវិកា ដែលចែកចេញជា ២ របៀបវារៈគឺ ១.ការគ្រប់គ្រង និងអនុវត្តចំណាយថវិការដ្ឋបាលថ្នាក់ជាតិ ដោយមានការធ្វើបទបង្ហាញដោយតំណាងអគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និង ២.ការគ្រប់គ្រង និងអនុវត្តចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ដោយមានការធ្វើបទបង្ហាញដោយតំណាងអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។