វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០១៧ នៅសណ្ឋាគារឯករាជ្យ ទីរួមខេត្តព្រះសីហនុ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងបង្កើនសមត្ថភាព និង លើកកម្ពស់ការ យល់ដឹងជូនដល់រជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ចំនួន ១២៥ នាក់ មកពីបណ្តាមន្ទីរ-អង្គភាពជំនាញចំនួន ៧ នៃសាលាខេត្តចំនួន៥ រួមមាន ខេត្តព្រះសីហនុ,ខេត្តកោះកុង,ខេត្តកំពត,ខេត្តកែប និង ខេត្តតាកែវ សម្រាប់អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ក្នុងក្របខ័ណ្ឌនៃកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព រួមចំណែកកាន់តែខ្លាំងក្លាដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង មាន ៤ ដំណាក់កាលសំខាន់ៗ ហើយបាននិងកំពុងឈានឡើងជាជំហានៗពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ។ ជាលទ្ធផលនៃការកែទម្រង់នេះកម្ពុជាបាន ទទួលជោគជ័យគួរជាទីមោទនៈដោយនៅដំណាក់កាលទី ១ ការកសាងបាននូវភាពជឿទុកចិត្តនៃថវិកា (២០០៥-២០០៨) និង ដំណាក់- កាលទី២ គណនេយ្យភាពហិរញ្ញវត្ថុ (២០០៩-២០១៥) ហើយបច្ចុប្បន្ននេះបានឈានដល់ឆ្នាំទី ៣ នៃដំណាក់កាលទី ៣ សំដៅជំរុញការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ដែលជាការងារអាទិភាពរបស់រាជរដ្ឋាភិបាល ព្រមទាំងជាចំណុចរបត់មួយដ៏សំខាន់ មានវិសាលភាពធំទូលាយ និង កាន់តែស្មុគស្មាញជាមុន ដោយសារមានក្រសួង ស្ថាប័ន និង មន្ទីរ អង្គភាពកាន់តែច្រើនឡើង ត្រូវចូលរួមអនុវត្ត ថវិកាកម្មវិធីពេញលេញសាកល្បង និង អង្គភាពថវិកា។ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានបន្ថែមថាដើម្បីឈានទៅសម្រេចបានតាមគោលបំណងនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវ “គោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី” ក្នុងគោលបំណងរៀបចំក្របខណ្ឌគតិយុត្តគ្រប់ជ្រុងជ្រោយសម្រាប់ក្រសួង ស្ថាប័ន និង មន្ទីរជំនាញរាជធានី-ខេត្ត ដើម្បីអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា សំដៅធានាថាការវិភាជន៍ ថវិកាត្រូវបានអនុវត្តដោយអនុលោមតាមនីតិវិធីហិរញ្ញវត្ថុជាធរមាន និង កត់ត្រាបានត្រឹមត្រូវតាមមាតិកាថវិកា, មាតិកាគណនេយ្យ និង ស្របតាមកម្មវិធី, អនុកម្មវិធី និង សកម្មភាពតាមការគ្រោងទុក ។ ក្នុងស្មារតីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចង្អុលទិសដៅច្បាស់លាស់ និង លើកទឹកចិត្តខ្ពស់លើការងារកសាង និង អភិវឌ្ឍសមត្ថភាពធនធានមនុស្ស និង លើកកម្ពស់សមត្ថភាពស្ថាប័នក្នុងវិស័យសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ កសាង សមត្ថភាពជំនាញពិសេសមន្ត្រីរាជការដែលជារជ្ជទេយ្យករ រជ្ជទេយ្យកររង និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីចូលរួមអនុវត្តការងារប្រកបដោយប្រសិទ្ធភាពតាមការគ្រោងទុក ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានបន្ថែមថា ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល និង កសាង សមត្ថភាពមន្រ្តីរាជការ លើជំនាញពាក់ព័ន្ធនីតិវិធីអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ជូនក្រុមមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ ក្រុមការងារថវិកា, រជ្ជទេយ្យករ, រជ្ជទេយ្យកររង, ភ្នាក់ងារបើកផ្តល់ ជាដើម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលចំនួន ៤៤ វគ្គ ជូនមន្រ្តីរាជការ ថ្នាក់ដឹកនាំជំនាញ និង ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង ស្ថាប័ន រួមបញ្ចូលទាំងប្រធាន អនុប្រធានមន្ទីរ និង អភិបាលរងទទួលបន្ទុកហិរញ្ញវត្ថុ នៃខេត្តទាំង ៥ ខាងលើនេះដែរ ដែលមានសិក្ខាកាមសរុបចំនួន ៣ ៥៣០ នាក់ កាលពីឆ្នាំ ២០១៦ កន្លងទៅ ហើយគិតត្រឹមខែ មិថុនា ឆ្នាំ ២០១៧ នេះ មានវគ្គបណ្តុះបណ្តាលចំនួន ១៥ វគ្គ ត្រូវបានរៀបចំឡើងដោយមានសិក្ខាកាមសរុបប្រមាណ ២ ០២៩ នាក់ បានចូលរួមសិក្សាក្រេបយកចំណេះដឹង ចំណេះធ្វើ និង ផ្លាស់ប្តូរបទពិសោធន៍ ហើយពួកគេទាំងអស់ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ។
ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ និង រំពឹងទុកយ៉ាងមុតមាំថាវគ្គបណ្ដុះបណ្ដាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” នាពេលនេះ នឹងជំរុញតម្រង់ទិសការអនុវត្តតួនាទីភារកិច្ច នៃមន្ទីរ អង្គភាពជំនាញនីមួយៗឱ្យឈានទៅសម្រេចបានលទ្ធផលផ្លែផ្កា ឆ្លើយតបបានទាន់ពេលវេលាទៅតាមតម្រូវការនៅតាមអង្គភាពរៀងៗខ្លួន ក្នុងគោលដៅធានាប្រសិទ្ធភាព សង្គតិភាព និង ផលិតភាពនៃការប្រើប្រាស់ ថវិកាជាតិ ស្របតាមគោលបំណងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល ព្រមទាំងត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍ឱ្យបានសកម្ម និង ផុលផុស ដើម្បីស្វែងយល់ និង ចាប់យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់អង្គភាពការងាររៀងៗខ្លួនវិញ ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តដល់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបន្តសហការរៀបចំវគ្គបណ្តុះបណ្តាលថែមទៀតជូនដល់មន្រ្តីរាជការនៃមន្ទីរ អង្គភាពជំនាញនៃបណ្តាខេត្តដទៃទៀត នៅទូទាំងប្រទេស សម្រាប់រួមចំណែកពង្រឹងសមត្ថភាព និង លើកកម្ពស់ការយល់ដឹង ក៏ដូចជាចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និង អង្គភាពថវិកា ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងក្របខណ្ឌនៃអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព សង្គតិភាព និង ចីរភាពនៃការអភិវឌ្ឍ ។