ពិធីសំណេះសំណាល និងអបអរសាទរ ជាមួយមន្រ្តី ទើបប្រឡងជាប់ក្របខ័ណ្ឌ ជាស្ថាពរ ក្នុងឆ្នាំ ២០១៦ នាសម័យប្រឡង ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ កន្លងទៅ
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល និងអបអរសាទរ ជាមួយមន្រ្តី ទើបប្រឡងជាប់ក្របខ័ណ្ឌ ជាស្ថាពរ ក្នុងឆ្នាំ ២០១៦ នាសម័យប្រឡង ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ កន្លងទៅ ។ ពិធីនេះ មានគោលបំណងសំខាន់ផ្តោតសំខាន់លើ៖ (១) ការបង្ហាញខ្លួនមន្ត្រីទើបប្រឡងជាប់ថ្មី និងការត្រៀមលក្ខណៈចូលបម្រើការងារនៅតាមបណ្តាអគ្គនាយកដ្ឋាន, អគ្គលេខាធិការដ្ឋាន និងអង្គភាពមួយចំនួន ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលសាមីមន្ត្រីបានជ្រើសរើសរួច, (២) ការផ្តល់អនុសាសន៍ណែនាំល្អៗជូនមន្ត្រីថ្មី ពាក់ព័ន្ធការចាប់យកអាជីពជាមន្ត្រីរាជការ ពីសំណាក់ឯកឧត្តមគណៈអធិបតី និងថ្នាក់ដឹកនាំក្រសួង និង (៣) ការណែនាំអំពីនីតិវិធីបន្ត ដែលមន្ត្រីថ្មីម្នាក់ៗ ត្រូវបំពេញ និងអនុវត្តតាមឱ្យបានគ្រប់ជ្រុងជ្រោយ ជាដើម។