ពិធីសម្ពោធសមិទ្ធផលមួយចំនួន នៅក្នុងឃុំព្រែកតាមាក់
នាព្រឹកថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០១៧ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល,
ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ និងសហការី បានដឹកនាំសម្របសម្រួលរៀបចំវេទិកាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ មកពីបណ្តាភូមិចំនួន ៦ នៃឃុំព្រែកតាមាក់ សរុបអ្នកចូលរួមប្រមាណ ៤០០ នាក់។ វេទិកានេះ មានគោលបំណងបង្ហាញពីសមិទ្ធផលនានា ដែលក្រុមការងារថ្នាក់ជាតិចុះជួយស្រុកខ្សាច់កណ្តាលនិងស្រុកល្វាឯម ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានខិតខំសម្រេចបាន នាពេលកន្លងមក ជាមួយនឹងការផ្តល់កិច្ចសហការយ៉ាងពេញទំហឹងពីសំណាក់អាជ្ញាធរមូលដ្ឋាន ជាពិសេសការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ នៅតាមភូមិ-ឃុំ ផ្ទាល់តែម្តង។ ទន្ទឹមនេះ ក្រុមការងារ ក៏បានទទួលយកនូវសំណូមពរ និងសំណើអាទិភាពនានា របស់ប្រជាពលរដ្ឋ ដើម្បីយកមកគិតគូរដោះស្រាយជូន ឱ្យបានទាន់ពេលវេលា និងចំទិសដៅ ក្នុងគោលបំណងអភិវឌ្ឍន៍ឃុំ ឱ្យកាន់តែរីកចម្រើន ព្រមទាំងចូលរួមលើកស្ទួយជីវភាពគ្រួសារ នៅគ្រប់កាលៈទេសៈដែលបងប្អូនប្រជាពលរដ្ឋ នៅតែរក្សាជំហររឹងមាំ ក្នុងការគាំទ្រក្រុមការងារ ក៏ដូចជារាជរដ្ឋាភិបាលជាបន្តបន្ទាប់ទៀត។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានមានប្រសាសន៍ផ្តាំផ្ញើ និងអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាសមិទ្ធផលដែលទើបកសាងថ្មីៗនៅក្នុងឃុំ និងបន្តពួតដៃគ្នាថែរក្សាសុខសន្តិភាព សណ្តាប់ធ្នាប់ និងបង្ការបទល្មើសផ្សេងៗ ជាពិសេសចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងអំពើពាលាអាវាសែនានា តាមរយៈការគាំទ្រ និងជំរុញសម្រេចនូវ “គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព” ឱ្យកាន់តែដំណើរការទៅដោយរលូន និងប្រកបដោយប្រសិទ្ធភាព។