ពិធីប្រកាសបើកយុទ្ធនាការបណ្តុះបណ្តាលជាស៊េរីស្តីពី “ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ”
នាព្រឹកថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៨ នៅសណ្ឋាគារភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំពិធីប្រកាសបើកយុទ្ធនាការបណ្តុះបណ្តាលជាស៊េរីស្តីពី “ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ដែលត្រូវរៀបចំក្នុងទម្រង់ជាកម្មវិធីសិក្សាជំនាញបច្ចេកទេស ដែលមានរយៈពេលពី ៧០-៩០ ម៉ោង សម្រាប់វគ្គសិក្សានីមួយៗ ដែលមានលក្ខណៈជាស៊េរីចំនួន ២១ វគ្គ និងមានគោលដៅលើកកម្ពស់សមត្ថភាពជំនាញ និងពង្រឹងពង្រីកចំណេះដឹងបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់សិក្ខាកាមគោលដៅជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាញសរុប ១ ០១៤ នាក់ ដែលទទួលបន្ទុកការងារគ្រប់គ្រងថវិកា លទ្ធកម្ម ហិរញ្ញវត្ថុកិច្ច និងគណនេយ្យហិរញ្ញវត្ថុ របស់ក្រសួងស្ថាបប័ន នៃរាជរដ្ឋាភិបាល ។ ពិធីនាព្រឹកនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព អមដោយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន និងមានការចូលរួមពីលោកស្រី កាមីឡា ឡំបាដ៍ (Camilla Lombard) អនុប្រធានក្រុមសហប្រតិបត្តិការនៃសហគមន៍អឺរ៉ុប ប្រចាំនៅកម្ពុជា និង លោក លោកស្រី តំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ ព្រមទាំងសិក្ខាកាមចូលរួមសរុបប្រមាណ ៤៥០ នាក់ ។