Comment are off
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”
នាព្រឹកថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០, នៅសណ្ឋាគាររ៉ាហ្វលទ្បឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” ជូនសិក្ខាកាមគោលដៅ ដែលជាអភិបាលរងរាជធានី-ខេត្ត, មន្ត្រីដឹកនាំកម្រិតជំនាញទទួលបន្ទុកការងារពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើរពន្ធនៃរដ្ឋបាលរាជធានី-ខេត្ត និង ប្រធាន/អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទូទាំងប្រទេស ។ វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចូលរួមដោយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រូឧទ្ទេស និងសិក្ខាកាម សរុបប្រមាណ ១២០ នាក់ ។
វគ្គបណ្តុះបណ្តាលនេះ មានគោលដៅពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងថែមទៀត ជូនមន្រ្តីរាជការ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធ នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និង អនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដំបូងនៅឆ្នាំ ២០០៤ ក្នុងគោលដៅផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ពីថវិកាផ្អែកលើធាតុចូលនិងមជ្ឈការ ឆ្ពោះទៅថវិកាផ្អែកលើសមិទ្ធកម្មនិងវិមជ្ឈការ ។ បច្ចុប្បន្ន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅក្នុងដំណាក់កាលទី ៣ សំដៅបង្កើន “កាផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ព្រមជាមួយនឹងការផ្ទេរនូវភាពជាម្ចាស់ និង ការទទួលខុសត្រូវ កាន់តែច្រើន ទៅដល់គ្រប់ក្រសួងស្ថាប័ន រួមនឹង មន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ទាំងនៅថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ។ ដំណាក់កាលទី ៣ នេះ, គ្រោងបញ្ចប់ចុងឆ្នាំ ២០២០ ខាងមុខ សម្រាប់ជាមូលដ្ឋានឆ្ពោះអនុវត្តនូវដំណាក់កាលទី ៤ (២០២១-២០២៥) ក្នុងគោលដៅបង្កើន “គណនេយ្យភាពសមិទ្ធកម្ម” ដែលជាគោលដៅចុងក្រោយនៃការកែទម្រង់ដ៏មានសារសំខាន់នេះ ។