ពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងពង្រីកសមត្ថភាពលើ “វិធាន និង បទប្បញ្ញតិ្តស្តីពីលទ្ធកម្មសាធារណៈ”
នាព្រឹកថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០១៨ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានដឹកនាំពិធីបើកវគ្គបណ្តុះបណ្តាលពង្រឹងពង្រីកសមត្ថភាពលើ “វិធាន និង បទប្បញ្ញតិ្តស្តីពីលទ្ធកម្មសាធារណៈ” ជូនមន្ត្រីទទួលបន្ទុកលទ្ធកម្មប្រមាណ ២០០នាក់ នៃក្រសួងស្ថាប័នចំនួន ៤ និងគ្រឹះស្ថានសាធារណៈរដ្ឋបាលចំនួន ៨ ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៨ ក្នុងគោលបំណងចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ហើយការគ្រប់គ្រងលទ្ធកម្មសាធារណៈ គឺជាផ្នែកមួយនៃយន្ដការគ្រប់គ្រងប្រតិបត្តិការចំណាយថវិកា និង ត្រូវបានកែទម្រង់ជាបណ្តើរៗ តាមផែនការសកម្មភាពរួម របស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយសម្រេចបាននូវលទ្ធផលសំខាន់ៗ ដូចជា ការកែលម្អក្របខណ្ឌច្បាប់លទ្ធកម្មសាធារណៈ និង ការអនុវត្តអនុក្រឹត្យនិងលិខិតបទដ្ឋានថ្មីៗ, ការបង្កើនភាពប្រកួតប្រជែង និងតម្លាភាពនៅក្នុងដំណើរការលទ្ធកម្ម, ការកំណត់បន្ទាត់គណនេយ្យភាព, ការគ្រប់គ្រងកិច្ចសន្យាគម្រោង, គោលការណ៍ណែនាំសម្រាប់គ្រប់គ្រងគម្រោងសាធារណៈ និងការពង្រឹងសមត្ថភាពជំនាញរបស់មន្រ្តីលទ្ធកម្ម ជាដើម ។ លទ្ធផលទាំងនេះ នឹងរួមចំណែកដ៏សំខាន់ដល់ការឈានទៅសម្រេចគោលដៅ ក្នុងការប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ជាជំហានៗឆ្ពោះទៅកាន់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របតាមបទដ្ឋាន និង ឧត្តមានុវត្តអន្តរជាតិ ។ ជាក់ស្តែង ក្នុងឆ្នាំ២០១៨ នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រោងនឹងធ្វើប្រតិភូកម្មសិទ្ធិអំណាច និងការទទួលខុសត្រូវនៃកិច្ចលទ្ធកម្មជាបណ្តើរៗ ទៅក្រសួងស្ថាប័នពាក់ព័ន្ធ ដោយពង្រឹងការការធ្វើសុខដុមនីយកម្មនៃកិច្ចលទ្ធកម្ម, ពង្រឹងតួនាទីនិយ័តករ និង ពង្រឹងឯករាជ្យភាពនៃយន្តការដោះស្រាយជម្លោះ ហើយនិងឈានទៅអនុវត្តពេញលេញនៅឆ្នាំ ២០២៥ ស្របតាម “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨-២០២៥” ដែលនឹងជាសមិទ្ធផលថ្មីមួយទៀតនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ