ពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីលើកជហ្វាកុដិ និងកៀរគរបច្ច័យបន្តសម្រាប់កសាងបង្ហើយនូវឧបដ្ឋានសាលាមួយខ្នង នៅវត្តសុវណ្ណវតី
នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ នៅវត្តសុវណ្ណវតី នៃឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្រែកតាមាក់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម អមជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋាន បានចូលរួមពិធីបុណ្យផ្ការស្មីសាមគ្គី ដើម្បីលើកជហ្វាកុដិ និងកៀរគរបច្ច័យបន្តសម្រាប់កសាងបង្ហើយនូវឧបដ្ឋានសាលាមួយខ្នង នៅវត្តសុវណ្ណវតី។ នៅក្នុងពិធីនេះ ឯកឧត្តមអគ្គលេខាធិការ បានសួរសុខទុក្ខប្រជាពលរដ្ឋ និងសំណេះសំណាល ជាមួយពុទ្ធបរិស័ទចូលរួមទាំងអស់ អំពីការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងលើកទឹកចិត្តដល់សិស្សានុសិស្ស បន្តខិតខំសិក្សារៀនសូត្រ ដើម្បីប្រែក្លាយខ្លួនជាគ្រឹះដ៏រឹងមាំសម្រាប់ប្រទេសជាតិ ទៅថ្ងៃអនាគត។ ទន្ទឹមនេះ ក្រុមការងារថ្នាក់ជាតិចុះឃុំព្រែកតាមាក់ បាននាំយកនូវបច្ច័យមួយចំនួនសម្រាប់ចូលរួមកសាង ព្រមទាំងថវិកាប្រគេនព្រះសង្ឃ និងយាយជី-តាជី ហើយបន្ទាប់ពីចប់ពិធី ឯកឧត្តមអគ្គលេខាធិការ និងក្រុមការងារ ក៏បានចូលរួមពិសារអាហារសាមគ្គីជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត ផងដែរ។