ប្រអប់ទទួលមតិរបស់អគ្គលេខាធិការដ្ឋាន
អគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមគោរពជម្រាបជូនដំណឹងដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មេត្តាជ្រាបថា ដើម្បីឆ្លើយតបនឹងកង្វល់ ក៏ដូចជាស្វែងយល់ពីសេចក្តីត្រូវការចាំបាច់ របស់មន្ត្រីរាជការក្រសួង ដែលពុំមានភាពក្លាហាន ក្នុងការបញ្ចេញមតិយោបល់ជាសាធារណៈ ព្រមទាំងទទួលនូវសំណូមពរ សំណើដំណោះស្រាយ និងពាក្យបណ្តឹងនានា ពាក់ព័ន្ធភាពខ្វះចន្លោះ លើការងារសម្របសម្រួលគាំទ្រទូទៅរបស់អគ្គលេខាធិការដ្ឋាន, អគ្គលេខាធិការដ្ឋានបានរៀបចំដំឡើង “ប្រអប់សំបុត្រទទួលមតិ” ដែលមានលក្ខណៈដាច់ដោយឡែក ពីប្រអប់សំបុត្រទទួលពាក្យបណ្តឹង របស់ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងប្រអប់សំបុត្របម្រើសេវារដ្ឋបាលរបស់ការិយាល័យរដ្ឋបាល នៃនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ។ ប្រអប់សំបុត្រនេះ មានវិសាលភាពអនុវត្តសម្រាប់តែការងារពាក់ព័ន្ធសមត្ថកិច្ចរបស់ អគ្គលេខាធិការដ្ឋានប៉ុណ្ណោះ ហើយបានរៀបចំដាក់ឱ្យដំណើរការ ចំនួន ០២ ទីតាំង នៅក្នុងទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន៖
១.ទីតាំងទី១ ៖ស្ថិតនៅខាងមុខការិយាល័យរដ្ឋបាលនៃនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ(ក្បែរអគារ “ឃ”)
២.ទីតាំងទី២ ៖ស្ថិតនៅកៀនអគារ “ខ” (ក្បែរចំណតម៉ូតូ)។
អគ្គលេខាធិការដ្ឋានសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីដាក់ឱ្យដំណើរការនូវ “ប្រអប់សំបុត្រទទួលមតិ” ទាំងពីរនេះ មន្ត្រីរាជការគ្រប់រូប នឹងចូលរួមចំណែកជាវិភាគទានគំនិត និងសំណើកែលម្អ ប្រកបដោយស្មារតីទទួលខុសត្រូវ និងវិជ្ជាជីវៈ ដើម្បីជាប្រយោជន៍ ក្នុងការស្ថាបនាការងារអគ្គលេខាធិការដ្ឋាន ក្នុងនាមជាសេនាធិការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងមូល។ ទន្ទឹមនេះ អគ្គលេខាធិការដ្ឋាននឹងព្យាយាមប្រមូលនូវសំណើទាំងឡាយ យកមកសិក្សា និងរិះរកដំណោះស្រាយទៅតាមសមត្ថភាព និងសមត្ថកិច្ចដែលយើងមាន ដើម្បីឆ្លើយតបទៅនឹងកង្វល់ របស់មន្ត្រីយើងគ្រប់រូប។