ប្រជុំពិភាក្សាស្ដីពីការត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាពការងារអនុវត្តប្រចាំខែកក្កដា ទាំងការងារកែទម្រង់ និងការងារប្រចាំថ្ងៃ របស់នាយកដ្ឋានរដ្ឋបាល
នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន ដើម្បីពិនិត្យពិភាក្សាលើលទ្ធផលសម្រេចបាន និងបញ្ហាប្រឈមរបស់នាយកដ្ឋាន ប្រចាំខែកក្កដា ឆ្នាំ២០១៦។ កិច្ចប្រជុំនេះ មានគោលដៅគិតគូររកវិធានការដោះស្រាយពាក់ព័ន្ធនីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈសម្រាប់ផ្គត់ផ្គង់សម្ភារៈ បរិក្ខារ ជូនអង្គភាពនៃក្រសួង, ការសម្រួលនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ,ការត្រៀមបទបង្ហាញសម្រាប់កិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ២០១៦ ព្រមទាំងការងារសម្របសម្រួលគាំទ្រ និងផ្តល់សេវាគាំទ្រទូទៅ មួយចំនួនទៀត ពាក់ព័ន្ធសមត្ថកិច្ចរបស់អគ្គលេខាធិការដ្ឋាន។ ដូចនេះ កិច្ចដំណើរការការងាររបស់អគ្គលេខាធិការដ្ឋាន អាចប្រពឹត្តទៅបានដោយរលូននិងប្រកបដោយប្រសិទ្ធភាព ក៏ទាមទារឱ្យមានការផ្តល់កិច្ចសហការពេញលេញ ពីគ្រប់អង្គភាពពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។