កិច្ចប្រជុំ ពិនិត្យពិភាក្សា ស្តាប់នូវវឌ្ឍនភាពការងារ តាមដានការអនុវត្ត និងដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណើមួយចំនួនរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំព្រែកតាមាក់
នាព្រឹកថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០១៩ នៅសាលាស្រុកខ្សាច់កណ្តាល, ឯកឧត្តមអគ្គលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់ និងលោកអភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានសហការដឹកនាំកិច្ចប្រជុំ ពិនិត្យពិភាក្សា ស្តាប់នូវវឌ្ឍនភាពការងារ តាមដានការអនុវត្ត និងដោះស្រាយបញ្ហាប្រឈម ក៏ដូចជាសំណើមួយចំនួនរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំព្រែកតាមាក់ ដោយមានការចូលរួមពីសំណាក់សហការីនៃក្រុមការងារថ្នាក់ជាតិចុះជួយឃុំព្រែកតាមាក់, ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានការិយាល័យនៃមន្ទីរជំនាញជុំវិញស្រុក និងមន្ត្រីជំនាញនៃរដ្ឋបាលស្រុក ព្រមទាំងក្រុមប្រឹក្សាឃុំ មេឃុំ និងប្រធានភូមិនៃឃុំព្រែកតាមាក់។ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមរបៀបវារៈចំនួន ៤ រួមមាន៖
១. ជំរុញ និងបង្កើនការយកចិត្តទុកដាក់លើកិច្ចការពារបរិស្ថាន តាមរយៈការគិតគូរលើការពង្រឹងមុខងារគាំទ្រនិងសម្របសម្រួលកិច្ចដំណើរការសេវាសម្អាត ប្រមូល ដឹកជញ្ជូន និងទុកដាក់សម្រាម ឱ្យកាន់តែមានសណ្តាប់ធ្នាប់ អនាម័យ និងសោភ័ណភាពល្អ។
២. ពិនិត្យលើនីតិវិធីបន្តដើម្បីជំរុញការចែកប័ណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិជូនអាជីវករផ្សារព្រែកតាមាក់ និងការបំពាក់ប្រព័ន្ធលូរំដោះទឹកនៅជុំវិញផ្សារសំដៅបញ្ចៀសការលិចទឹកកខ្វក់ក្នុងរដូវភ្លៀង។
៣. ពិនិត្យនិងលើកវិធានការណ៍ការងារសម្រាប់ជំហានបន្ទាប់ ជាពិសេសការប្រតិបត្តិតាមសំណូមពររបស់ប្រជាពលរដ្ឋ មានជាអាទិ៍ការរៀបចំកសាង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការដោះស្រាយវិវាទនានា ដូចជា វិវាទដីធ្លី ជាដើម។
៤. ផ្សេងៗ។
ឆ្លៀតក្នុងឱកាសនេះ ក្រោយពីកិច្ចប្រជុំត្រូវបានបញ្ចប់, ឯកឧត្តម និងមន្ត្រីពាក់ព័ន្ធ ក៏បានចុះទៅពិនិត្យដល់ទីតាំងការដ្ឋានសាងសង់ និងរៀបចំប្រព័ន្ធលូរំដោះទឹកនៅខាងក្រោមស្ពានព្រែកតាមាក់ ដែលជាកិច្ចការអាទិភាពចំពោះមុខក្នុងរដូវវស្សានេះ សំដៅចូលរួមគាំទ្រ និងបំពេញតាមតម្រូវការជាឧត្តមប្រយោជន៍រួមជូនប្រជាពលរដ្ឋក្នុងឃុំ។