កិច្ចប្រជុំស្តីពី ការត្រៀមលក្ខណៈដើម្បីដាក់អោយអនុវត្តប្រព័ន្ធ FMIS នៅក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំគ្រប់គ្រងហិរញ្ញវត្ថុ ២០១៨
កាលពីរសៀលថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំអំពីការត្រៀមលក្ខណៈដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ជាផ្លូវការនៅក្រសួង-ស្ថាប័ន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៨ ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងតំណាងពីគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះបានរៀបចំឡើងក្រោយពីមានកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធរវាងក្រុមការងារគ្រប់គ្រងគម្រោង FMIS, បណ្តាអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ និងក្រសួង-ស្ថាប័នចំនួន ១០ សំដៅធ្វើយ៉ាងណាសម្រេចឱ្យបានទៅតាមផែនការសកម្មភាពដែលបានដាក់នៅឆ្នាំ២០១៧ ប្រកបដោយប្រសិទ្ធភាព និងសមិទ្ធកម្ម និងជំរុញឱ្យការដាក់ឱ្យអនុវត្តគម្រោង FMIS ជំហានទី២ កាន់តែទទួលបានលទ្ធផលល្អប្រសើរ។