កិច្ចប្រជុំស្តីពី “ការត្រៀមលក្ខណៈដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៨” ដោយមានការចូលរួមពីតំណាងក្រសួងទាំង១០
នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំស្តីពី “ការត្រៀមលក្ខណៈដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅតាមក្រសួង-ស្ថាប័ន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ២០១៨” ដោយមានការចូលរួមពីតំណាងក្រសួងទាំង១០ ដែលគ្រោងដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ព្រមទាំងមន្ត្រីហិរញ្ញវត្ថុនៃអង្គភាពថវិកាជាអាណាប័កផ្ទេរសិទ្ធិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផងដែរ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងទៅតាមផែនការសកម្មភាពរបស់គម្រោង FMIS ដែលមានគោលដៅបន្តពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមបណ្តាអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០១៨ ព្រមទាំងដើម្បីឱ្យក្រុមការងារពាក់ព័ន្ធទាំងអស់ យល់កាន់តែច្បាស់ អំពីមុខងារនីមួយៗរបស់ប្រព័ន្ធ FMIS, ផែនការបណ្តុះបណ្តាល, ផែនការអនុវត្តគម្រោង និងត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តសាកល្បងប្រព័ន្ធ FMIS នាពេលដ៏ខ្លីខាងមុខ តាមរយៈ ៖
១). ការបញ្ជាក់អំពីអត្តសញ្ញាណមន្ត្រីដែលត្រូវប្រើប្រាស់ប្រព័ន្ធ FMIS
២). បន្តការដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS នៅអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធិ
៣). ការបង្ហាញផ្ទាល់អំពីប្រព័ន្ធ FMIS លើមុខងារប្រតិបត្តិការនីមួយៗ
៤). ផ្សេងៗ ។