កិច្ចប្រជុំស្តីពីការអនុវត្តគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ិនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តមអគ្គនាយក និង ឯកឧត្តម លោកជំទាវតំណាងអគ្គនាយកដ្ឋាននិងអង្គភាពទាំងអស់ចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងសមាជិកក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះមានគោលបំណង ដើម្បីប្រមូលធាតុចូលសំខាន់ៗពីបណ្តាអ្នកពាក់ព័ន្ធមកពីបណ្តាអគ្គនាយកដ្ឋាន និង អង្គភាពក្រោមឱវាទក្រសួង ក្នុងគោលដៅប្រើប្រាស់សេវាអ៊ីនត្រាណិតឱ្យអស់សក្តានុពលសំដៅគាំទ្រដល់បេសកកម្មរបស់អង្គភាពទាំងអស់ក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាព។ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដើរលឿន និង មុនគេនៃរដ្ឋាភិបាលឌីជីថល ដោយមានតម្រូវការលើហេដ្ឋារចនាសម្ព័ន្ធបណ្តាញតភ្ជាប់សម្រាប់បម្រើឱ្យការងារជាច្រើនដូចជា ប្រព័ន្ធ FMIS ដែលបានដាក់ឱ្យប្រើប្រាស់នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង គ្រប់ក្រសួង-ស្ថាប័ន និង បន្តពង្រីកការដាក់ឱ្យប្រើប្រាស់ដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងជំហានទី៣។ ជាពិសេស មានតម្រូវការពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការទ្រទ្រង់ដល់ការផ្តល់សេវាសាធារណៈរបស់ខ្លួន ព្រមទាំងតម្រូវការពីអគ្គនាយកដ្ឋានពន្ធដារពីការរៀបចំបណ្តាញអ៊ីនត្រាណិតដាច់ដោយឡែកសម្រាប់បម្រើដល់ការគ្រប់គ្រងការប្រមូលពន្ធ។ ជាចក្ខុវិស័យវែងឆ្ងាយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានណែនាំឱ្យមានការសិក្សារៀបចំបណ្តាញអ៊ីនត្រាណិតសម្រាប់ប្រើប្រាស់ជារួមចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងមូល។ បច្ចុប្បន្ន, បណ្តាញអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំដំឡើងរួចរាល់ដល់ការដ្ឋានមួយចំនួនចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមានៈ អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និង នៅតាមការដ្ឋានគម្រោង FMIS សរុបចនួន ១៦៣ ការដ្ឋាន។ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានជំរុញឱ្យគ្រប់អង្គភាពចំណុះក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ទាំងអស់ចូលរួមប្រើប្រាស់សេវាអ៊ីនត្រាណិតក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឱ្យអស់សក្តានុពល តាមសេចក្តីតម្រូវការរបស់អង្គភាពតាមបេសកកម្មរៀងៗខ្លួន ។ ក្នុងនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជំរុញឱ្យមានការប្រើប្រាស់សេវាអ៊ីនត្រាណិត ដោយលើកឡើងពីការផ្សារភ្ជាប់ការអនុវត្តការងារដោយប្រើប្រាស់ប្រព័ន្ធឌីជីថល ដែលអាចធ្វើឱ្យចំណេញទាំងពេលវលា និង ថវិកា ព្រមទាំងអនុវត្តការងារកាន់តែមានប្រសិទ្ធភាព។ សូមបញ្ជាក់ថា សេវាមូលដ្ឋានដែលអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អាចធ្វើរួមគ្នាបានដោយប្រើប្រាស់សេវាអ៊ីនត្រាណិត រួមមានៈ សេវាអ៊ីនធឺណិតរួម, សេវាបណ្ដាញតភ្ជាប់អន្តរអង្គភាពនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អាចឈានដល់វិស័យហិរញ្ញវត្ថុសាធារណៈ, ប្រព័ន្ធទំនាក់ទំនងផ្ទៃក្នុង,មជ្ឈមណ្ឌលបណ្ដុះបណ្ដាលអេឡិកត្រូនិក, ប្រព័ន្ធគ្រប់គ្រងមាតិកាផ្ទៃក្នុង, ការិយាល័យវៃឆ្លាត, មូលដ្ឋានក្នុងការផ្ទុកគេហទំព័រ និង អ៊ីមែលរួមសម្រាប់គ្រប់អង្គភាពក្រោមឱវាទក្រសួង, មូលដ្ឋានចែករំលែកទិន្នន័យ និង ឯកសាររួមប្រកបដោយសុវត្ថិភាព, ប្រព័ន្ធបម្រើអតិថិជន, ប្រព័ន្ធជំនួយ, មជ្ឈមណ្ឌលទិន្នន័យ, មជ្ឈមណ្ឌលគ្រប់គ្រងហានិភ័យ, ការពង្រីកប្រព័ន្ធតាមដាននិងវាយតម្លៃសមិទ្ធកម្ម ព្រមទាំងអាចពង្រីកផ្លូវតភ្ជាប់ជាបណ្ដាញមេសម្រាប់ប្រព័ន្ធនានាដែលមានស្រាប់។ល។