កិច្ចប្រជុំស្ដីពីការវាយតម្លៃនៃការអនុវត្តផែនការសកម្មភាព និងការកែសម្រួលផែនការសកម្មភាពលម្អិត នៃយុទ្ធសាស្ត្រគន្លឹះទាំង៥
នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញក្នុងកិច្ចប្រជុំស្ដីពីការវាយតម្លៃនៃការអនុវត្តផែនការសកម្មភាព និងការកែសម្រួលផែនការសកម្មភាពលម្អិត នៃយុទ្ធសាស្ត្រគន្លឹះទាំង៥ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ប្រធានអង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធនៃគ្រប់អង្គភាពក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងធ្វើការវាយតម្លៃការអនុវត្តផែនការសកម្មភាព និងកែសម្រួលផែនការសកម្មភាពលម្អិត នៃយុទ្ធសាស្ត្រគន្លឹះទាំង៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមមាន៖ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥, យុទ្ធសាស្ត្រស្ដីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈឆ្នាំ២០១៩-២០២៥, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ និងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៥។