កិច្ចប្រជុំលើសំណើសុំការពិចារណា និងលើកលែងឱ្យបានរួចអត្រាពន្ធនាំចូល និងអាករលើតម្លៃបន្ថែម (VAT) ទាក់ទងនឹងការនាំសត្វគោរស់ពីប្រទេសអូស្ត្រាលីចូលមកកម្ពុជា
នាព្រឹកថ្ងៃទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានដឹកនាំកិច្ចប្រជុំលើសំណើសុំការពិចារណា និងលើកលែងឱ្យបានរួចអត្រាពន្ធនាំចូល និងអាករលើតម្លៃបន្ថែម (VAT) ទាក់ទងនឹងការនាំសត្វគោរស់ពីប្រទេសអូស្ត្រាលីចូលមកកម្ពុជា និងសំណើសុំការពិចារណានិងសម្របសម្រួលលើអត្រាពន្ធនាំចូល និង VAT ទាក់ទងនឹងការនាំសត្វគោរស់ពីប្រទេសអូស្ត្រាលី និងប្រទេសផ្សេងៗទៀត ចូលមកកម្ពុជាទៅថ្ងៃអនាគត ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ និងសមាជិកសមាជិកាក្រុមការងារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានគោលបំណងធ្វើការសិក្សាបន្ថែមទៀតលើករណីនេះ ឱ្យកាន់តែលម្អិត និងគ្រប់ជ្រុងជ្រោយ ពាក់ព័ន្ធនឹងបន្ទុកពន្ធ, ទិដ្ឋភាពគោលនយោបាយ, ការវិភាគពីផលប្រយោជន៍សង្គម-សេដ្ឋកិច្ច, សក្តានុពលនៃដំណើរការអាជីវកម្មឡើងវិញ, ការវិភាគពីហានិភ័យ ព្រមទាំងការរៀបចំនូវជម្រើសគោលនយោបាយនិងផ្តល់អនុសាសន៍សមស្រប សំដៅចូលរួមលើកកម្ពស់ជីវភាពកម្មករ-កសិករខ្មែរ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។