កិច្ចប្រជុំពិភាក្សា ស្តីពីតម្រូវការបរិមាណសន្លឹកទិដ្ឋាការស្អិតសម្រាប់ការប្រើប្រាស់ប្រចាំឆ្នាំ២០១៩
នាព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០១៨ នៅសាលប្រជុំទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីតម្រូវការបរិមាណសន្លឹកទិដ្ឋាការស្អិតសម្រាប់ការប្រើប្រាស់ប្រចាំឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ អមដោយមន្ត្រីជំនាញពាក់ព័ន្ធ។ កិច្ចពិភាក្សាសម្រាប់ការគ្រោងបរិមាណសន្លឹកទិដ្ឋាការស្អិតមុននឹងធ្វើការបោះពុម្ពនេះ មានសារៈសំខាន់ណាស់ ដោយហេតុថា ចំណូលពីការផ្តល់ទិដ្ឋាការមានទំហំរហូតដល់ជាង ១០០ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ហើយកិច្ចប្រជុំនេះទៀតសោត ត្រូវបានរៀបចំឡើងដោយអនុលោមតាមអនុក្រឹត្យលេខ ១២៣ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ស្តីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេសន្ត ចូល-ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅពិនិត្យលើបរិមាណសន្លឹកទិដ្ឋាការស្អិតដែលត្រូវបោះពុម្ព និងយថាប្រភេទសន្លឹកទិដ្ឋាការស្អិតដែលត្រូវប្រើប្រាស់ក្នុងឆ្នាំ២០១៩ ស្ថិតក្នុងកម្រិតសមស្រប និងសន្សំសំចៃថវិកាជាតិ ព្រមទាំងជាមូលដ្ឋានសម្រាប់ការរៀបចំផែនការលទ្ធកម្មឱ្យបានទាន់ពេលវេលា ក៏ដូចជាមានសង្គតិភាពជាមួយនឹងការអនុវត្តអង្គភាពថវិកា និងថវិកាកម្មវិធី។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបោះពុម្ព និងបើកផ្តល់សន្លឹកទិដ្ឋាការស្អិតជូនក្រសួងមហាផ្ទៃ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សម្រាប់ប្រើប្រាស់ក្នុងការផ្តល់ទិដ្ឋាការជូនភ្ញៀវបរទេស ដោយការបោះពុម្ពសន្លឹកទិដ្ឋាការស្អិតនេះ ត្រូវរៀបចំឱ្យបានសមស្របតាមសំណើរបស់ក្រសួងទាំងពីរ។ ជាក់ស្តែង កន្លងមក ការបោះពុម្ពសន្លឹកទិដ្ឋាការស្អិត ត្រូវបានបោះពុម្ពទាំង ៥៤ ប្រភេទ និងមានការត្រៀមបម្រុងក្នុងកម្រិត ៣០% ផងដែរ ដើម្បីធានាដល់ការប្រើប្រាស់បានគ្រប់គ្រាន់និងទាន់ពេលវេលា។