កិច្ចប្រជុំពិភាក្សា សិក្សាស្វែងយល់ និង ពិគ្រោះយោបល់ ពាក់ព័ន្ធការងារគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាតិ ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដឹកនាំដោយ ឯកឧត្តម Somdy Duangdy ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៧, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលអគ្គនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ, អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ក្រុមការងារលេខាធិការដ្ឋានរបស់ FMWG នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរៀបចំកិច្ចប្រជុំពិភាក្សា, សិក្សាស្វែងយល់ និង ពិគ្រោះយោបល់ ពាក់ព័ន្ធការងារគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាតិ ជាមួយគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ដឹកនាំដោយ ឯកឧត្តម Somdy Duangdy ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ។ កិច្ចប្រជុំពិភាក្សារយៈពេលមួយព្រឹកនេះ មានគោលបំណងចែករំលែកបទពិសោធន៍ៗរបស់កម្ពុជាទាក់ទងនឹងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការធ្វើបទបង្ហាញផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួន ០២ ដូចខាងក្រោម ៖
១). បទបង្ហាញ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា គោលនយោបាយសារពើពន្ធ និងការគ្រប់គ្រងថវិកា ដែលរៀបចំដោយអគ្គនាយកដ្ឋានគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
២). បទបង្ហាញ ស្តីពីកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (GSC)និង លេខាធិការដ្ឋានរបស់ FMWG នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។