កិច្ចប្រជុំពិភាក្សាអំពីការផ្តល់ការលើកទឹកចិត្តវិនិយោគដែលនឹងត្រូវកំណត់ក្នុងអនុក្រឹត្យ ព្រមទាំងពិភាក្សាផ្ទៀងផ្ទាត់លើបញ្ហាប្រឈមនៃការគ្រប់គ្រងគម្រោងវិនិយោគដែលទទួលបានការលើកទឹកចិត្ត
នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគនិងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើការរៀបចំអនុក្រឹត្យស្តីពីការលើកទឹកចិត្តវិនិយោគ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និងសមាជិកក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគនិងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សាអំពីការផ្តល់ការលើកទឹកចិត្តវិនិយោគដែលនឹងត្រូវកំណត់ក្នុងអនុក្រឹត្យ ព្រមទាំងពិភាក្សាផ្ទៀងផ្ទាត់លើបញ្ហាប្រឈមនៃការគ្រប់គ្រងគម្រោងវិនិយោគដែលទទួលបានការលើកទឹកចិត្តកន្លងមក ក្នុងគោលដៅទាក់ទាញវិនិយោគ តាមរយៈការផ្តល់ភាពទន់ភ្លន់ចំពោះការផ្តល់ការលើកទឹកចិត្តវិនិយោគទៅលើវិស័យអាទិភាពនានា ឱ្យបានឆាប់រហ័សទៅតាមសេចក្តីត្រូវការចាំបាច់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។