កិច្ចប្រជុំពិភាក្សាអំពីករណីផ្តល់ការលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណៈជាការពង្រីកបន្ថែម
នារសៀលថ្ងៃទី ០២ ខែ សីហា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីករណីផ្តល់ការលើកទឹកចិត្តសម្រាប់គម្រោងវិនិយោគមានលក្ខណៈជាការពង្រីកបន្ថែម ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងនាមជាតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងសមាជិកសមាជិកានៃក្រុមការងារ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់លើវិស័យវិនិយោគនៅកម្ពុជា ស្របទៅនឹងការផ្លាស់ប្តូរប្រកបដោយចីរភាពនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច ក៏ដូចជាដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង និងគាំទ្រដល់ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) ឆ្នាំ ២០១៥-២០២៥ ឱ្យសម្រេចបានជោគជ័យ សំដៅជំរុញ និងលើកទឹកចិត្តដល់ការពង្រីកគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការបង្កើនសកម្មភាពវិនិយោគ និងធ្វើពិពិធកម្មមូលដ្ឋានឧស្សាហកម្ម ដែលបង្កើតការងារបន្ថែម បង្កើនផលិតភាពតាមរយៈការអភិវឌ្ឍជំនាញនិងការបំពាក់បច្ចេកវិទ្យាខ្ពស់ និងបង្កើនតម្លៃបន្ថែម សំដៅចូលរួមអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងពង្រីកមូលដ្ឋានប្រមូលចំណូលថវិការដ្ឋ។