កិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងការប្រើប្រាស់រថយន្តសម្រាប់ត្រៀមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣នៅកម្ពុជា
នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងការប្រើប្រាស់រថយន្តសម្រាប់ត្រៀមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣នៅកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំតំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងក្រុមហ៊ុនឯកជន ដែលកំពុងផ្តល់សេវាផ្គត់ផ្គង់រថយន្តសម្រាប់ត្រៀមកិច្ចប្រជុំកំពូលនេះ ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យការគ្រប់គ្រងការប្រើប្រាស់រថយន្តសម្រាប់ត្រៀមកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុបលើកទី១៣នៅកម្ពុជា ក៏ដូចជាពិនិត្យលទ្ធភាពក្នុងការជួយសម្រួលបន្ទុករបស់ក្រុមហ៊ុនឯកជន ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺ កូវីដ-១៩ ។