កិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្ដីព្រាងឯកសារស្ដីពីការសម្រួលនីតិវិធីក្នុងការអនុវត្តចំណាយថវិកា
នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធសន្និសីទវីដេអូ Zoom, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្ដីព្រាងឯកសារស្ដីពីការសម្រួលនីតិវិធីក្នុងការអនុវត្តចំណាយថវិកា ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអង្គភាពពាក់ព័ន្ធមួយចំនួនក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលដៅជួបពិនិត្យពិភាក្សាលើសេចក្ដីព្រាងឯកសារដែលអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈបានរៀបចំរួច ដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់កែសម្រួលឯកសារដ៏មានសារសំខាន់នេះឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងអនុលោមតាមលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។