កិច្ចប្រជុំពិភាក្សាលើ “វឌ្ឍនភាពនៃការអនុវត្តការងាររបស់គម្រោង FMIS សម្រាប់ជំហានទី២ និង ការងារបន្តសម្រាប់ឆ្នាំ២០២១ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣”
នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សាលើ “វឌ្ឍនភាពនៃការអនុវត្តការងាររបស់គម្រោង FMIS សម្រាប់ជំហានទី២ និង ការងារបន្តសម្រាប់ឆ្នាំ២០២១ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣” ។កិច្ចប្រជុំពិភាក្សានេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងអគ្គលេខាធិការដ្ឋានក្រសួង, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, តំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និង សមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS ។គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និង បូកសរុបលទ្ធផលការងារនៃការអនុវត្តគម្រោង FMIS ជំហានទី២ ២០១៧ – ២០២០ និង ការបង្ហាញអំពីទិសដៅក្នុងការអនុវត្តគម្រោងជំហានទី៣ ២០២០ – ២០២៥ ដោយមានការធ្វើបទបង្ហាញអំពីវឌ្ឍនភាព, សមិទ្ធផលការងារ, បញ្ហាប្រឈមដែលបានពុះពារឆ្លងកាត់ និង បញ្ហាសេសសល់ដែលត្រូវដោះស្រាយទាំងក្នុងកម្រិតក្រុមការងារ និង នៅតាមការដ្ឋានក្រៅពីប្រព័ន្ធ, និង ការកំណត់នូវផែនការសកម្មភាពគន្លឹះសម្រាប់រយៈពេល ៥ ឆ្នាំនៃការអនុវត្តគម្រោងបន្ត ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ត្រៀមខ្លួនជាស្រេចសម្រាប់ការចូលរួម ជាពិសេសសម្រាប់សមាជិកក្រុមការងារទាំងអស់យកទៅដាក់បញ្ចូលជាក្របខណ្ឌការងារ (TOR) សម្រាប់អនុវត្តតាមអង្គភាពសាមី ។ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសរំលេចពីសមិទ្ធផលសំខាន់ៗនៃការអនុវត្តគម្រោង FMIS ក្នុងជំហានទី២នេះ រួមមាន ៖
១. ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS នៅ ៨៧ ការដ្ឋាន (៣៧ ក្រសួង-ស្ថាប័ន, ២៥ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត និង ២៥ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ) និង មានអ្នកប្រើប្រាស់ប្រព័ន្ធសរុបចំនួន ១៦៦២ នាក់
២. ការធ្វើសន្ធានកម្មទិន្នន័យ និង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការជាមួយប្រព័ន្ធខាងក្រៅចំនួន ៦ ៖
– ប្រព័ន្ធប្រតិបត្តិការរបស់ធនាគារអេស៊ីលីដា
– ប្រព័ន្ធប្រតិបត្តិការរបស់ធនាគារវឌ្ឍនៈ
– ប្រព័ន្ធប្រតិបត្តិការរបស់ធនាគារ J Trust Royal- ប្រព័ន្ធ NRMIS
– ប្រព័ន្ធគ្រប់គ្រងចំនូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធដារ និង
– ប្រព័ន្ធប្រតិបត្តិការរបស់ធនាគារស្ថាបនា
៣. ការដាក់ឱ្យអនុវត្តនូវនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS លើការទូទាត់ចំណាយបៀវត្ស និង ការទូទាត់ត្រង់ ដែលមានហានិភ័យក្នុងកម្រិតទី ១ នៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងចំនួន ៧ ផ្សេងទៀត ។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ដល់លេខាធិការដ្ឋានក្រុមការងារដែលបានសម្រេចការងាររៀបចំ និង អនុវត្តថវិកាតាមប្រព័ន្ធ FMIS ការធ្វើសន្ធានកម្ម និង ព័ត៌មានដែលទទួលបានពីប្រព័ន្ធ FMIS ព្រមទាំងបានសង្កត់ធ្ងន់ពីតម្លៃនៃព័ត៌មាន និង ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ដែលអាចមានឱកាសទាញយកព័ត៌មានពីប្រព័ន្ធ FMIS បាន គួរយកព័ត៌មានទាំងនោះដើម្បីធ្វើការសិក្សា ឬ វិភាគដែលអាចផ្តល់ប្រយោជន៍ដ៏សំខាន់ក្នុងការរៀបចំរបាយការណ៍ និង ដើម្បីផ្តល់ជូនថ្នាក់ដឹកនាំក្នុងការសម្រេចចិត្ត ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានជំរុញឱ្យអ្នកចូលរួមទាំងអស់ដែលជាសមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS ចូលរួមផ្សព្វផ្សាយពីអត្ថប្រយោជន៍របស់ប្រព័ន្ធ FMIS ដ៏ធំធេង ដែលឯកឧត្តមបណ្ឌិតសភាចារ្យលើកឡើងថា ប្រសិនបើមិនមានប្រព័ន្ធ FMIS នោះទេ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺមិនមានភាពគ្រប់ជ្រុងជ្រោយ និង មិនអាចសម្រេចបាននូវការពង្រឹងវិន័យថវិកា, ការបង្កើនប្រសិទ្ធភាពវិភាជន៍ថវិកា និង ការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ នោះឡើយ ៕