កិច្ចប្រជុំពិភាក្សាលើសំណើសុំនាំចូលរថយន្តបង្គ្រប់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើសំណើសុំនាំចូលរថយន្តបង្គ្រប់ សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាអំពីតម្រូវការចាំបាច់ក្នុងការប្រើប្រាស់រថយន្ត ដោយបំពេញតាមលក្ខខណ្ឌតម្រូវផ្នែកពិធីការ និងការការពារសន្តិសុខកម្រិតខ្ពស់ សម្រាប់ត្រៀមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមិថុនា ឆ្នាំ២០២១ ។សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលនេះ បានគ្រោងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ តែត្រូវបានពន្យារពេល ដោយសារការរីករាលដាលជាសាកលនៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ ។