Comment are off
កិច្ចប្រជុំពិភាក្សាលើគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំ២០២៣
នាព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២២ នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនំាអង្គភាពថវិកា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបើក “កិច្ចប្រជុំពិភាក្សាលើគម្រោងចំណូល-ចំណាយថវិកាប្រចាំឆ្នាំ២០២៣” ដែលសម្របសម្រួលរៀបចំដោយអគ្គលេខាធិការដ្ឋាន ក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និង តំណាងនៃគ្រប់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណ ២៥០ នាក់ ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ ពិភាក្សា និងបូកសរុប សេចក្តីព្រាងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៣-២០២៥ និង គម្រោងចំណូល-ចំណាយថវិកា ឆ្នាំ២០២៣ របស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ថ្លែងក្នុងកម្មវិធីនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ ជំរុញគ្រប់អង្គភាពថវិកាឱ្យចូលរួមប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងការពិនិត្យ ពិភាក្សា និង ផ្តល់ធាតុចូល ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា និង គម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៣ ឱ្យកាន់តែសុក្រឹត និង គ្រប់ជ្រុងជ្រោយ សំដៅបន្តរក្សាបាននូវភាពជាគំរូក្នុងការអនុវត្តថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពោលគឺ គ្រប់អង្គភាពថវិកាត្រូវបន្តពង្រឹងការទទួលខុសត្រូវ មានឆន្ទៈម្ចាស់ការ និង គណនេយ្យភាព ពិសេសត្រូវបង្កើនការយកចិត្តទុកដាក់សម្រាប់ឆ្នាំដំបូងនៃការអនុវត្តសាកល្បងថវិកាព័ត៌មានសមិទ្ធកម្ម ក្នុងឆ្នាំ២០២៣ខាងមុខនេះ ៕