កិច្ចប្រជុំពិភាក្សាលើការធ្វើបច្ចុប្បន្នកម្មសេចក្តីណែនាំ ស្តីពីគោលការណ៍និងនីតិវិធីផ្ទៃក្នុងសម្រាប់ការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នៅព្រឹកថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការធ្វើបច្ចុប្បន្នកម្មសេចក្តីណែនាំ ស្តីពីគោលការណ៍និងនីតិវិធីផ្ទៃក្នុងសម្រាប់ការអនុវត្តថវិកាកម្មវិធីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន ដែលជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ រួមទាំងតំណាងអង្គភាពថវិកាពាក់ព័ន្ធចំនួនបីផ្សេងទៀត រួមមាន អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។ ការរៀបចំបច្ចុប្បន្នកម្មសេចក្តីណែនាំនេះ មានគោលបំណងធានាសុក្រឹតភាពនិងសង្គតិភាព ព្រមទាំងបង្កើនគណនេយ្យភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការរៀបចំ ការអនុវត្ត ការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃការអនុវត្តថវិកា ក្នុងក្របខណ្ឌនៃការអនុវត្តថវិកាកម្មវិធីផ្ទៃក្នុងក្រសួង។