កិច្ចប្រជុំពិភាក្សាលើការរៀបចំកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ ឆ្នាំរំកិល ២០១៨-២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយគ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋានក្រោមឱវាទក្រសួង
នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សា លើការរៀបចំកម្មវិធីវិនិយោគសាធារណៈ (ក.វ.ស) ៣ ឆ្នាំរំកិល ២០១៨-២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយគ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ក្រោមឱវាទក្រសួង។ កិច្ចពិភាក្សារយៈពេលមួយព្រឹកនេះ មានគោលបំណងបង្ហាញជូនអង្គប្រជុំ អំពីនីតិវិធីនៃការរៀបចំ ក.វ.ស របស់អង្គភាពនីមួយៗ ដោយភ្ជាប់ជាមួយវិធីសាស្ត្រនៃការបំពេញតារាងគម្រោងកំពុងដំណើរការ និងគម្រោងអនុវត្ត ផ.យ.អ.ជ សម្រាប់ ក.វ.ស ៣ ឆ្នាំរំកិល រួចផ្ញើមកអគ្គលេខាធិការដ្ឋានក្រសួង ពិនិត្យ និងបូកសរុប និងបញ្ជូនទៅក្រសួងផែនការ ដើម្បីស្នើសុំការពិនិត្យនិងអនុម័តពីរាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ដល់ក្រុមការងារ ដែលបានជួយសម្របសម្រួលរៀបចំ ក.វ.ស. ៣ឆ្នាំរំកិល ដែលជាផ្នែកមួយយ៉ាងសំខាន់នៃដំណើរការសុខដុមនីយកម្មការងារផែនការចំណាយវិនិយោគសាធារណៈរបស់រដ្ឋ និងហិរញ្ញប្បទានសហប្រតិបត្តិការអន្តរជាតិ សម្រាប់អភិវឌ្ឍស្ថាប័ន ព្រមទាំងលើកទឹកចិត្តដល់អង្គភាពទាំងអស់ បង្កើនកិច្ចសហការអនុវត្តការងារបន្ត ក្នុងការលើកសំណើសុំគម្រោងវិនិយោគសាធារណៈ ដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវ តាមរយៈការគិតគូរពិចារណាឱ្យបានជាក់លាក់ លើគម្រោងអាទិភាព និងជាតម្រូវការចាំបាច់នានា បន្ថែមទៀត សំដៅធ្វើយ៉ាងណា ឱ្យការអនុវត្តចំណាយវិនិយោគ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។