Comment are off
កិច្ចប្រជុំពិភាក្សាលើ “ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ២០២១-២០២៥”
នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាលើ “ផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ២០២១-២០២៥” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងអគ្គលេខាធិការដ្ឋានក្រសួង, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, តំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និង សមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាលើផែនការគោលគន្លឹះៗក្នុងការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ២០២១-២០២៥ ពិសេសលើផែនការពង្រីកការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ FMIS ទៅកាន់អង្គភាពថវិកា និង អង្គភាពថ្នាក់ក្រោមជាតិ ដោយមានការធ្វើបទបង្ហាញដោយលេខាធិការដ្ឋានក្រុមការងារអនុវត្តគម្រោង FMIS ពាក់ព័ន្ធនឹងផែនការសកម្មភាព និង គម្រោងថវិកាចំណាយ សម្រាប់ជម្រើស ៣ ផ្សេងគ្នា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្នើឱ្យថ្នាក់ដឹកនាំ និង ក្រុមការងារគ្រប់គ្រងគម្រោង FMIS បន្តជម្រុញការផ្សព្វផ្សាយពីសារប្រយោជន៍នៃការប្រើប្រាស់ប្រព័ន្ធ FMIS ដែលជាប្រព័ន្ធមួយប្រកបដោយភាពជឿទុកចិត្ត និង មានសុវត្ថិភាពខ្ពស់ ក្នុងការគ្រប់គ្រងការអនុវត្តចំណូល-ចំណាយថវិកាជាតិ និង ឤចជួយដល់ថ្នាក់ដឹកនាំ មានមូលដ្ឋានរឹងមាំ និង ច្បាស់លាស់ ក្នុងការសម្រេចចិត្តទាន់ពេលវេលា ។