កិច្ចប្រជុំពិភាក្សាពីការរៀបចំផែនការថវិកា និងក្រុមការងារផ្ទៃក្នុងសម្រាប់ទ្រទ្រង់ក្នុងការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣
នាព្រឹកថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុមានរៀបចំកិច្ចប្រជុំពិភាក្សាពីការរៀបចំផែនការថវិកា និងក្រុមការងារផ្ទៃក្នុងសម្រាប់ទ្រទ្រង់ក្នុងការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ និងតំណាងថ្នាក់ដឹកនាំពីអង្គភាពពាក់ព័ន្ធ ។ កិច្ចប្រជុំនេះ មានគោលបំណងចម្បង ដើម្បីពិភាក្សាលើការរៀបចំផែនការថវិកា, នីតិវិធីអនុវត្តថវិកា និង ការរៀបចំក្រុមការងារផ្ទៃក្នុងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការរៀបចំក្រុមការងារមួយមានសមាសភាពដែលមានសមត្ថកិច្ច និងជំនាញក្នុងការអនុវត្តនីតិវិធីហិរញ្ញវត្ថុ ។ បន្ថែមពីនេះទៀត កិច្ចប្រជុំបានពិភាក្សាពីការងាររៀបចំគម្រោងចំណាយដែលគាំទ្រនឹងផែនការសកម្មភាពរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ឱ្យទទួលបានជោគជ័យ ។