កិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទី២ លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥
នារសៀលថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក.) បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទី២ លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គលេខាធិការ, អគ្គនាយក, អគ្គនាយករង និងមន្រី្តជំនាញបច្ចេកទេស នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥ បន្ទាប់ពីអគ្គលេខាធិការដ្ឋាន គ.ជ.ផ.ក. បានធ្វើការកែសម្រួលលើទម្រង់ មាតិកា រចនាសម្ព័ន្ធ ភាសា ពាក្យពេចន៍ និងបច្ចេកស័ព្ទមួយចំនួនលើឯកសារគោលនយោបាយនេះ ។អង្គប្រជុំបានលើកឡើងថា ឯកសារគោលនយោបាយជាតិនេះ មានភាពល្អប្រសើរ និងងាយយល់ជាងមុន ទាំងរចនាសម្ព័ន្ធ និងរំហូរព័ត៌មាន បន្ទាប់ពីបានកែសម្រួលរួច ។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្នើឱ្យអគ្គលេខាធិការដ្ឋាន គ.ជ.ផ.ក. សហការជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាននៃ គ.ស.ហ. ដើម្បីកែសម្រួល និង/ឬសម្រួចយុទ្ធសាស្រ្តគោលនយោបាយបន្ថែមទៀត ស្របតាមភាពជាក់ស្តែង និងប្រាកដនិយម ក្នុងក្របខណ្ឌពេលវេលាសម្រាប់អនុវត្តរយៈពេល៥ឆ្នាំ មុននឹងដាក់ឯកសារគោលនយោបាយជាតិនេះជូន គ.ជ.ផ.ក. ពិនិត្យ និងសម្រេច នាពេលខាងមុខនេះ ៕