កិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា (គ.ជ.ផ.ក.) បានដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គលេខាធិការ, អគ្គនាយក, អគ្គនាយករង, អគាធិការ, នាយកវិទ្យាស្ថាន, ប្រធានអង្គភាពនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីសម្រិតសម្រាំងសេចក្តីព្រាងគោលនយោបាយជាតិស្តីពី “ផលិតភាពសេដ្ឋកិច្ចកម្ពុជា” ឆ្នាំ២០២១-២០២៥ មុននឹងដាក់ឆ្លងកិច្ចប្រជុំ គ.ជ.ផ.ក. នាពេលឆាប់ៗខាងមុខនេះ។បន្ទាប់ពីបានប្រជុំពិភាក្សារួចមក ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្នើឱ្យអគ្គលេខាធិការដ្ឋាន គ.ជ.ផ.ក. ធ្វើការកែសម្រួលរចនាសម្ព័ន្ធលើសេចក្តីព្រាងគោលនយោបាយនេះ ស្របតាមស្មារតីអង្គប្រជុំ។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានសម្រេចរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើកទីពីរ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងគោលនយោបាយចុងក្រោយ សម្រាប់ដាក់ជូន គ.ជ.ផ.ក.។