កិច្ចប្រជុំពិភាក្សាតាមប្រព័ន្ធវិដេអូ ដើម្បីសិក្សាស្តីពីការបង្កើតតំបន់ឧស្សាហកម្ម
នារសៀលថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២១, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានដឹកនាំកិច្ចប្រជុំពិភាក្សា តាមប្រព័ន្ធវិដេអូ ដើម្បីសិក្សាស្តីពីការបង្កើតតំបន់ឧស្សាហកម្ម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ, ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, ថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, និង អគ្គនាយកដ្ឋានគោលនយោបាយ ព្រមទាំងសមាជិកក្រុមការងារ ។កិច្ចប្រជុំនេះបានធ្វើការពិភាក្សាលើលទ្ធភាព និង យន្តការសម្របសម្រួលលើកទឹកចិត្តជំរុញការវិនិយោគ និង ការបង្កើតតំបន់ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និង ទេសចរណ៍ និង ការជួយដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជនលើការស្វែងរកទីតាំងវិនិយោគ និង ឈានទៅប្រើប្រាស់ដីរដ្ឋ ឱ្យកាន់តែមានសក្តានុពល និង ប្រសិទ្ធភាពខ្ពស់ ព្រមទាំងការការពារទ្រព្យសម្បត្តិរដ្ឋ ៕