កិច្ចប្រជុំពិភាក្សាជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង២៥ និងសាខារតនាគាររាជធានី ខេត្ត
នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលប្រជុំនៃទីស្តីការអគ្គនាយកដ្ឋានរតនាគារជាតិ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន និងឯកឧត្តមបណ្ឌិត វង្ស ប៊ុនឥន្ទ្រាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង២៥ និងសាខារតនាគាររាជធានី ខេត្ត ដើម្បីពិនិត្យលើនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទានថវិកាកម្មវិធីរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ទទួលបានលទ្ធផលតាមការគ្រោងទុក បន្ទាប់ពីមានការជជែកពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយ យ៉ាងផុលផុស ដោយអង្គប្រជុំក៏បានឯកភាពលើចំណុចមួយចំនួន ដែលជាសំណូមពររបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលដៅជួយសម្រួលដល់ការអនុវត្តនីតិវិធីហិរញ្ញវត្ថុ នៅមូលដ្ឋានរាជធានី ខេត្ត អាចប្រព្រឹត្តទៅបានដោយរលូន ទាន់ពេល និងប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនេះ ឯកឧត្តមសហប្រធានអង្គប្រជុំ បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, សាខារតនាគាររាជធានី ខេត្ត ដែលជាអង្គភាពតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន, សូមបន្តសហការគ្នាអនុវត្តការងារ ដោយស្មារតីសាមគ្គីភាពជាធ្លុងមួយ និងបំពេញកាតព្វកិច្ចប្រកបដោយទំនួលខុសត្រូវ តាមរយៈការពួតដៃគ្នាដោះស្រាយបញ្ហាចំពោះមុខដែលនាំឱ្យរាំងស្ទះដល់កិច្ចដំណើរការការងារបម្រើរដ្ឋ និងប្រជាជន ព្រមទាំងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៤ប្រការរបស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាមាគ៌ាដ៏ភ្លឺស្វាង និងត្រឹមត្រូវ ដើម្បីទទួលបានជោគជ័យលើគ្រប់ភារកិច្ចការងារ។