កិច្ចប្រជុំពិភាក្សាកម្រិតជំនាញជាមួយអគ្គនាយកដ្ឋានថវិកាដែលជាតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌថ្នាក់ជាតិ ដើម្បីការពារគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សាកម្រិតជំនាញជាមួយអគ្គនាយកដ្ឋានថវិកាដែលជាតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌថ្នាក់ជាតិ ដើម្បីការពារគម្រោងផែនការចំណូល-ចំណាយថវិកាឆ្នាំ ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋាន ក្នុងនាមជាអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និងជាក្រុមការងារថវិកាកម្រិតបច្ចេកទេសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការអញ្ជើញចូលរួមពីក្រុមការងារថវិកានៃគ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមរបៀបវារៈចំនួន ៣ គឺ ១. បទបង្ហាញស្ដីពីក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២១, ២. ផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២១-២០២៣ និង ៣. ការពិនិត្យពិភាក្សាលម្អិតកម្រិតបច្ចេកទេសជាមួយគ្រប់អង្គភាពថវិកាទាំងអស់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពីគម្រោងថវិកាឆ្នាំ ២០២១ ដែលបានគ្រោងមក ក្នុងគោលដៅសម្រិតសម្រាំងឱ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព និងស្របតាមលិខិតដ្ឋានគតិយុត្តជាធរមាន មុននឹងឈានដល់ការរៀបចំកិច្ចប្រជុំពិនិត្យពិភាក្សាកម្រិតថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នាពេលខាងមុខ។